ក្រុមហ៊ុន​ចិន គ្រោង​សង់​ផ្លូវ​ល្បឿនលឿន​ពីភ្នំពេញ​ ទៅ​ព្រំដែន​វៀតណាម

  • 2019-01-21 08:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) បាន​បង្ហាញ​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ ទៅ​បាវិត (ព្រំដែន​កម្ពុជា-វៀតណាម) ទៅកាន់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ជំនួប​ពិភាក្សា​មួយ​នៅក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩។

ជាការ​ឆ្លើយតប សម្តេច​ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន ត្រូវតែ​សិក្សា​និង​ជជែកគ្នា​បន្ថែម​ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ ដោយសារ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​សិក្សា​រួចមកហើយ។

សម្តេច ហ៊ុន សែន ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិន នាថ្ងៃទី២១ មករា ២០១៩ នៅក្រុងប៉េកាំង។ រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សូម​ជម្រាប​ថា ក្រុមហ៊ុន​ចិន​ខាងលើ​នេះ ទទួល​បាន​សិទ្ធិ​វិនិយោគ​សាងសង់​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ ក្នុង​ទំហំ​ទឹកប្រាក់ ១៩០០លាន​ដុល្លារ ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) រួចមក​ហើយ។

ជុំវិញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត​នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្ដី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹង​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា រហូត​មកដល់​ពេលនេះ គឺបាន​សិក្សា​រួចរាល់​ចប់​សព្វ​គ្រប់​អស់ហើយ ដែលត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣៨០០លាន​ដុល្លារ។ រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ធ្វើការ​សិក្សា​ផ្លូវ​ល្បឿនលឿន​ដែលមាន​ចម្ងាយ​ផ្លូវប្រវែង ១៦០​គីឡូម៉ែត្រ ដើម្បី​ធ្វើការ​សាងសង់​ផ្លូវនេះ។

លោក​បានគូស​បញ្ជាក់​ថា ការ​ចំណាយ​យ៉ាងច្រើន​សម្រាប់​សាងសង់​ផ្លូវ​ល្បឿនលឿន​នេះ ដោយសារតែ​ផ្លូវ​ដែល​ត្រូវ​សាងសង់​ គឺមាន​លិចទឹក ហើយកាត់​តាម​បឹង ឬតំបន់​លិចទឹក​ច្រើន ដែល​មាន​ប្រវែង​រហូតដល់ ៨០​គីឡូម៉ែត្រ ជាហេតុ​ធ្វើឱ្យ​តម្លៃ​ក្នុងការ​ចំណាយ​សាងសង់​ច្រើន៕

អត្ថបទ​ទាក់ទង៖ ផ្លូវ​ល្បឿនលឿន​ ភ្នំពេញ-បាវិត នឹង​ត្រូវ​ចំណាយ​សាងសង់​ច្រើនជាង​ផ្លូវ ភ្នំពេញ-ព្រះសីហនុ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;