ជប៉ុន ផ្ដល់​២លានដុល្លារ​ ដើម្បី​បញ្ចប់​រាល់​ទម្រង់​អំពើ​ហិង្សា​លើ​កុមារនៅកម្ពុជា

  • 2019-01-22 04:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ទឹកប្រាក់​សរុប​ចំនួន ២លាន​ដុល្លារ​អាមេរិក លើ​ "គម្រោង​បង្ការ​ និង​ឆ្លើយតប​នឹង​អំពើ​ហិង្សា​លើ​កុមារ ក្នុង​ប្រទេស​កម្ពុជា" ក្នុង​គោលបំណង​ពន្លឿន​ចំណាត់ការ ដើម្បី​បញ្ចប់​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​កុមារ ក្នុង​ប្រទេស​កម្ពុជា​។

ពិធី​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​ស្តីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន ២លាន​ដុល្លារ​អាមេរិក​សម្រាប់​ការងារ​កុមារ​នៅ​កម្ពុជា
ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​ជប៉ុន​នេះ ត្រូវ​បាន​ធ្វើឡើង​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​ស្តីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន ២លាន​ដុល្លារ​អាមេរិក​សម្រាប់​ការងារ​កុមារ​នៅ​កម្ពុជា រវាង​ស្ថានទូត​ជប៉ុន​ ដឹកនាំ​ដោយ​លោក ហ៊ីដេហ៊ីសា ហូរីនូជី (Hidehisa HORINOUCHI) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជាមួយ​អង្គការ UNICEF ដឹកនាំ​ដោយ​លោក​ស្រី ណាតាឆា ផាឌីសុន ប្រធាន​ស្ដីទី​អង្គការ UNICEF ប្រចាំ​កម្ពុជា​ ក្រោម​អធិបតីភាព​លោក វង សូត រដ្ឋមន្ត្រី​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា នា​ទីស្ដីការ​ក្រសួង​ នៅ​ថ្ងៃទី​២២​មករា​នេះ។
លោក ហ៊ីដេហ៊ីសា ហូរីនូជី (Hidehisa HORINOUCHI) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា

លោកស្រី ណាតាឆា ផាឌីសុន បាន​មានប្រសាសន៍ថា គម្រោង​នេះ​នឹង​បន្ត​ពង្រឹង​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​មួយ​ ដែល​ដំណើរការ​ និង​មាន​សម្រប​សម្រួល​ល្អ ដើម្បី​អាច​បង្ការ និង​ឆ្លើយតប​ទៅ​នឹង​អំពើ​ហិង្សា​លើ​កុមារ ឲ្យ​កាន់​តែ​មានប្រសិទ្ធភាព។

លោកស្រី​បន្ត​ថា ជា​លទ្ធផល កុមារ​រងគ្រោះ​ជាង ១លាន​នាក់ នឹង​ទទួល​បាន​កិច្ចការពារ​កាន់តែ​ប្រសើរ​ពី​អំពើ​ហិង្សា តាម​រយៈ​ក្របខ័ណ្ឌ​ស្ថាប័ន និង​ក្របខ័ណ្ឌ​ច្បាប់​ដែល​ល្អ​ជាង​មុន សេវា​កិច្ច​ការពារ​កុមារ​ប្រកប​ដោយ​គុណភាព និង​បរិយាកាស​សហគមន៍​ដែល​ផ្ដល់​កិច្ច​គាំទ្រ។

លោក វង សូត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​មួយ ដែល​មាន​ការ​សម្រប​សម្រួល​ទូទាំង​ប្រទេស ព្រម​ជាមួយ​បុគ្គលិក​មាន​ជំនាញ និង​សមត្ថភាព នឹង​ជួយ​ដល់​កុមារ​ដែល​បាន​ទទួល​រង​អំពើហិង្សា ការ​កេង​ប្រវ័ញ្ច និង​ការ​រំលោភ​បំពាន ឲ្យ​ទទួល​បាន​ការ​ថែទាំ និង​កិច្ច​គាំទ្រ​ដែល​ពួកគេ​ត្រូវការ ព្រមទាំង​ជួយ​បង្ការ​អំពើ​ហិង្សា ​នៅ​ពេល​អនាគត​ផង​ដែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;