ក្រុង​មួយ​របស់​ចិន និង​ខេត្ត​ព្រះសីហនុ ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​៤

  • 2019-01-22 08:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈប្រតិភូ​ក្រុង​ឈីងតាវ ដឹកនាំ​ដោយ​លោក លួយ ជៀនជុន អភិបាលរង​ក្រុង​ឈីងតាវ បាន​ជួប​សម្ដែង​ការ​គួរសម​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​អប់រំ និង ទេសចរណ៍​។

ថ្លែង​ក្នុង​ជំនួប នៅ​សាលា​ខេត្ត​ព្រះសីហនុ​ នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩​នេះ លោក លួយ ជៀនជុន សង្ឃឹម​ថា កំពង់ផែ​ឈាង​តាវ និង​កំពង់ផែ​ក្រុង​ព្រះសីហនុ នឹង​សហការ​គ្នា​ក្នុង​ការ​ដឹកជញ្ជូន​កាន់តែ​ប្រសើរ​ឡើង។ ក្នុង​ឆ្នាំ​២០១៨ ទីក្រុង​ឈីង​តាវ ទទួល​បាន​ភ្ញៀវ​ទេសចរ ១០០​លាន​នាក់ ដោយ​លោក​សង្ឃឹម​ថា ទីក្រុង​ឈីងតាវ និង​ទីក្រុង​ព្រះសីហនុ​ នឹង​បន្ត​កិច្ច​សហការ​លើ​វិស័យ​ទេសចរណ៍​កាន់តែ​ល្អ​ថែម​ទៀត​។

លោក​ ក៏បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​គណៈប្រតិភូ ​ទៅ​ចូលរួម​រដូវកាល​ស្រា​បៀរ​នៅ​ខេត្ត​ឈីងតាវ និង​បាន​ភ្លក់​រសជាតិ​ស្រា​ថ្មី​ៗ ដើម្បី​បង្កើន​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ខេត្ត​ទាំង​ពីរ​ កាន់តែ​ជិត​ស្និត​។

លោក យន្ត មីន បាន​ស្វាគមន៍​គណៈប្រតិភូ​ទីក្រុង​ឈីងតាវ ព្រម​ទាំង​បាន​ជំរាប​ជូន​ពី​សក្តានុពល​របស់​ខេត្ត មាន​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ មាន​វិសាលភាព​ធំ​ទូលាយ​ សម្រាប់​តភ្ជាប់​ការ​ដឹក​ជញ្ជូន​ តាម​ផ្លូវ​សមុទ្រ​ជា​លក្ខណៈ​ជាតិ អន្តរជាតិ​បម្រើ​ទំនិញ​ជា​កុងតឺន័រ​ចេញ-ចូល​ប្រមាណ​ជិត ៧៣​ភាគរយ នៃ​បរិមាណ​ទំនិញ​នាំចេញ នាំចូល​ទូទាំង​ប្រទេស​។

លោក​បន្ត​ថា ខេត្ត​មាន​ព្រលាន​យន្តហោះ​អន្តរជាតិ ​ដោយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកជញ្ជូន​អ្នក​ដំណើរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​វិនិយោគ​ នៅ​ខេត្ត​ព្រះសីហនុ។ បច្ចុប្បន្ន​ព្រលាន​យន្តហោះ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១១​ក្រុមហ៊ុន ក្នុង​នោះ​មាន​ជើង​ហោះហើរ​ក្នុង​ស្រុក មាន ៨៣​ជើង ក្នុង​មួយ​សប្តាហ៍ និង​ក្រៅ​ស្រុក ៦១​ជើង ក្នុង​មួយ​សប្តាហ៍ ។ គោលដៅ​ហោះហើរ​ត្រង់​ពី​ខេត្ត ក្រុង​ប្រទេស​ចិន មក​ខេត្ត​ព្រះសីហនុ​មាន ១៦​ខេត្ត ក្រុង​។ លោកបន្ថែម​ថា ខេត្ត​ព្រះសីហនុ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៤​កន្លែង កំពុង​ដំណើរការ​មាន​រោងចក្រ​តូច-ធំ​សរុប ១៦០​កន្លែង និង​សិប្បកម្ម ១០៣៧​កន្លែង ស្រូប​យក​កម្លាំង​ពលកម្ម​សរុប ៦៨៣៥៤​នាក់​។ ភ្ញៀវ​ទេសចរ​ ជា​មធ្យម​មាន​ការ​កើន​ឡើង​ពី​ ១០ ទៅ ១៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ ជាពិសេស​ភ្ញៀវ​ទេសចរ​ចិន ស្ថិត​ក្នុង​លំដាប់​លេខ​មួយ​ដែល​មាន​ចំនួន ២០២៩៤៧​នាក់ កើន​ឡើង ៦៨,៧៩ភាគរយ ។

លោក យន្ត មីន ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​មាន​អ្នក​វិនិយោគ​ចិន​មក​ខេត្ត​ព្រះសីហនុ​ស្ថិត​ក្នុង​លំដាប់​លេខ​១ ដែល​មក​រកស៊ី និង​វិនិយោគ​ច្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម​ដឹក​ជញ្ជូន សំណង់ និង​ទេសចរណ៍​។ ក្នុង​នាម​អាជ្ញាធរ​ដែនដី លោក​គាំទ្រ​អ្នក​វិនិយោគ​ចិន ដែល​អនុវត្ត​តាម​គោល នយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ របស់​ប្រធានាធិបតី​ចិន ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហនុ មាន​ការ​អភិវឌ្ឍ​លឿន​យ៉ាង​គំហុក ព្រម​ទាំង​សំណូមពរ​ដល់​គណៈប្រតិភូ ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខេត្ត និង​ជួយ​ជំរុញ អ្នក​វិនិយោគ​ចិន​មក​កាន់​ខេត្ត​ព្រះសីហនុ​បន្ថែម​ទៀត៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;