កម្ពុជា-ចិន ចុះកិច្ច​ព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ផ្លូវ​ល្បឿនលឿន និង​ឯកសារ ៧ផ្សេង​ទៀត

  • 2019-01-23 01:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ជំនួប​ទ្វេភាគី​នៅក្រុង​ប៉េកាំង ប្រទេសចិន កាលពី​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០១៩ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​នាយក​រដ្ឋមន្រ្តី​ចិន លោក លី ខឺឈាង បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​នៃការ​យោគយល់​គ្នា​សំខាន់ៗ​ចំនួន៨​ រួមមាន៖

ពិធីចុះកិច្ចព្រមព្រៀងរវាងភាគីកម្ពុជា និងចិន កាលពីថ្ងៃទី២២មករា២០១៩ នៅប៉េកាំង (រូបថត៖ ផ្តល់សិទ្ធិដោយ Reuters)
១. លិខិត​ប្តូរសារ​ស្តីពី​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ ជំហាន​ទី២

២. លិខិត​ប្តូរសារ​ស្តីពី​គម្រោង​ផ្គត់ផ្គង់​ទឹក​ជន​បទ ជំហាន​ទី២

៣. លិខិត​ប្តូរសារ​ស្តីពី​គម្រោង​ការ​ងារ​វិស្វកម្ម​សម្រាប់​គាំទ្រ​ដល់​គម្រោង​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ឯកសារទាំង៣នេះ ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក វ៉ាង ស៊ាវថាវ ប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ចសហ​ប្រតិ​បត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ។

៤. លិខិត​បញ្ជាក់​ការ​ប្រគល់ ទទួល ស្តីពី​គម្រោង​អគារ​អង្គរក្ស នៃ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី ចុះហត្ថលេខា​រវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក ជុង សាន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម។

៥. លិខិត​បញ្ជាក់​ការ​ប្រគល់ ទទួល​ស្តីពី​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ៧ ដែល​រងការ​ខូច​ខាត​ដោយ​ទឹកជំនន់ ចុះហត្ថលេខា​រវាង​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​លោក ជុង សាន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម។

៦. លិខិត​បញ្ជាក់​ការ​ប្រគល់ ទទួល ស្តីពី​គម្រោង​ជួសជុល​ប្រាសាទ​តាកែវ ចុះ​ហត្ថលេខា​រវាង​លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ជាមួយ​លោក ជុង សាន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម។

៧. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាងរក្សាទឹក​ក្នុង​ខេត្ត​ព្រះវិហារ ចុះហត្ថលេខា​រវាង​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក ហ៊ូ ស៊ាវលាន ប្រធាន​ធនាគារ​នីហរ័ណ អាហរ័ណ​ចិន។

៨. កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ ក្រោម​យុទ្ធសាស្រ្ត​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ចុះហត្ថលេខា​រវាង​លោក សុខ ចិន្តាសោភា រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី និងជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​លោក យី ហួយម៉ាន ប្រធាន ធនាគារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ចិន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;