លោក លី ខឺឈាង៖ សម្តេច ហ៊ុន សែន ជា​នាយក​រដ្ឋមន្រ្តី​ដំបូង​បំផុត ដែល​ធ្វើទស្សនកិច្ច​នៅចិន​ក្នុង​ឆ្នាំនេះ

  • 2019-01-23 02:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី ខឺឈាង នាយករដ្ឋមន្រ្តី​ចិន បាន​បញ្ជាក់​ថា សម្តេច ហ៊ុន សែន គឺជា​នាយករដ្ឋមន្រ្តី​នៃ​ប្រទេសជាមិត្ត​របស់​ចិន ដំបូង​បំផុត​ដែលបាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ក្នុងឆ្នាំ​២០១៩​នេះ។ ការ​ថ្លែង​បញ្ជាក់​នេះ គឺឆ្លើយតប​ទៅនឹង​សំណួរ​របស់​សម្តេច ហ៊ុន សែន ក្នុង ជំនួប​ពិភាក្សា​ទ្វេភាគី​នៅក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០១៩។

ជាមួយគ្នា​នេះ លោក លី ខឺឈាង បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជាលើក​ដំបូង​នៅក្នុង​ប្រទេស​ចិន​នេះ ក្រោយការ​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី៦ គឺជា​ដំណើរ​ទស្សនកិច្ច​ដ៏មាន​សារៈសំខាន់​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-ចិន។

សម្តេច ហ៊ុន សែន​ ក្នុងជំនួបជាមួយលោក លី ខឺឈាង នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ មករា ២០១៩ (រូបថត៖ ផ្តល់សិទ្ធិដោយ Reuters)
លោក​នាយករដ្ឋមន្រ្តី​ចិន ក៏បាន​រំលឹក​ផងដែរ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅក្នុង​ប្រទេស​កម្ពុជា កាលពីខែ​មករា ឆ្នាំ​២០១៨ ដែល​នោះ មិន​ត្រឹមតែ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​ឡានឆាង-មេគង្គ​ផងដែរ។

ជាការ​ឆ្លើយតប សម្តេច ហ៊ុន សែន បានមាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេសចិន​នាពេលនេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ក៏​ដូចជា​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​ប្រទេស​ទាំងពីរ​ផងដែរ។ សម្តេច​នាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឺឈាង កាលពីឆ្នាំ​២០១៨ គឺបាន​ចូលរួម​ចំណែក​ពង្រឹង​នូវ​ទំនាក់​ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;