សម្តេច ហ៊ុន សែន បាន​ស្នើអ្វីខ្លះ​ទៅ​កាន់​នាយករដ្ឋមន្រ្តី​ចិន?

  • 2019-01-23 03:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក លី ខឺឈាង ​នាយករដ្ឋមន្រ្តី​ចិន កាលពី​ថ្ងៃទី២២ ខែ​មករា ឆ្នាំ​២០១៩ នៅក្រុង​ប៉េកាំង សម្តេច ហ៊ុន សែន បាន​លើក​បង្ហាញ​នូវ​គម្រោង ៦សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និង​ប្រព័ន្ធ​អគ្គិសនី ដោយ​សម្តេច​បាន​ស្នើឲ្យ​ចិន គាំទ្រ​គម្រោង​សំខាន់ៗ​នេះ។

ពាក់ព័ន្ធនឹង​ការ​ធ្វើពាណិជ្ជកម្ម​សេរី​ សម្តេច​នាយក​រដ្ឋមន្រ្តី បាន​ស្នើឲ្យ​ភាគី​ទាំង២​ពិនិត្យ និង​សិក្សា​ទៅលើ​បញ្ហា​នេះ។ ក្នុង​ជំនួប​នោះ សម្តេច​ក៏បាន​ស្នើឲ្យ​ចិន បន្ត​នាំចូល​ផលិតផល និង​កសិផល​របស់​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត​លើស​ពីអ្វី​ដែលមាន​នាពេល​បច្ចុប្បន្ន ខណៈដែល​ប្រទេសចិន​ជាទីផ្សារ​ដ៏ធំមួយ​នៅលើ​ពិភពលោក។

ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌ ទេសចរណ៍ និង​អប់រំ ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀតនោះ សម្តេច ហ៊ុន សែន បានថ្លែង​អំណរគុណ​មិត្ត​ចិន ដែលបាន​ជួយ​កម្ពុជា​នាពេលកន្លង​មក ហើយ​សម្តេច​ក៏បាន​ស្នើឲ្យ​ចិន បន្ត​ជួយលើ​វិស័យ​នេះ​បន្ថែម​ទៀត។

សម្តេច ហ៊ុន សែន​ ក្នុងជំនួបជាមួយលោក លី ខឺឈាង នៅក្រុងប៉េកាំង កាលពីថ្ងៃទី២២ មករា ២០១៩ (រូបថត៖ ផ្តល់សិទ្ធិដោយ Reuters)
ជាមួយ​គ្នានេះ សម្តេច​បាន​ស្នើ​ឱ្យ​ចិន​ជួយ​ជួសជុល​ប្រាសាទ​បុរាណ​នៅ​កម្ពុជា ហើយ​អរគុណ​ដល់​ចិន ដែលបាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ជិត ២ពាន់នាក់​ កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន។

សម្តេច​តេជោ ក៏បាន​ស្វាគមន៍​ចំពោះ​ការចូលចត​របស់​នាវា​ចិន នៅខេត្ត​ព្រះសីហនុ​ចំនួន​៣លើក​នៅក្នុងឆ្នាំ​២០១៨​កន្លងទៅ។ សម្តេច ហ៊ុន សែន ក៏បាន​អរគុណ​លោក លី ខឺឈាង ចំពោះ​ការផ្តល់​ជំនួយ ៨៤០លានយ័ន​សម្រាប់​វិស័យ​យោធា​នាពេលកន្លង​ទៅនេះ។​ សម្តេច​ បាន​បង្ហាញ​ការ​ចង់ឃើញ​រដ្ឋាភិបាល​ចិន បន្ត​ជួយដល់​វិស័យ​ផ្សេងៗ​ទៀត រួមទាំង​វិស័យ​នគរបាល​ផងដែរ​សម្រាប់​ការ​គ្រង់គ្រង​សន្តិសុខ។

ជាចុងក្រោយ​សម្តេច ហ៊ុន សែន បាន​អញ្ជើញ​លោក លី ខឺឈាង មក​បំពេញ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា ក្នុង​ពេលវេលា​សមស្រប​ណាមួយ។

ជាការ​ឆ្លើយតប លោក​នាយករដ្ឋមន្ត្រី​ចិន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ចិន នឹង​បង្កើន​ការនាំចូល​អង្ករ​ពីកម្ពុជា ដើម្បី​ជួយដល់​កម្ពុជា។ រីឯ​គម្រោង​ជួសជុល​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទផ្សេងៗ​ទៀត កម្ពុជា និង​ចិន អាច​បន្ត​សហការ​គ្នា។ ចិននឹង​បន្ត​នាំចូល​កសិផល​ពីប្រទេស​កម្ពុជា​ផងដែរ ហើយ​សង្ឃឹម​ថា កម្ពុជា​នឹងបន្ត​នាំចេញ​កសិផល​ផ្សេងៗ​ទៀត​ទៅកាន់​ប្រទេស​ចិន និងប​ណ្តា​ប្រទេស​ផ្សេងៗ​ទៀត។

លោក លី ខឺឈាង ក៏បាន​ស្នើឲ្យ​កម្ពុជា និងចិន​ បន្ត​ប្រើប្រាស់​យន្តការ​ដែលមាន​ គឺ យន្តការ​ទ្វេភាគី និង​យន្តការ​តំបន់។

លោក​បាន​លើកឡើងដែរ​ថា លោក​នឹង​រកពេល​វេលា​សមស្រប​ណាមួយ​មក​បំពេញ​ទស្សនកិច្ចនៅ​កម្ពុជា៕

អត្ថបទទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;