កូរ៉េ គ្រោង​បង្កើត​ផ្សារ​បោះដុំ​ផលិតផល​កសិកម្ម នៅ​កម្ពុជា

  • 2019-01-23 04:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កូរ៉េ​ខាងត្បូង គ្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​មាន​និរន្តរភាព តាម​រយៈ​ការ​បង្កើត​ផ្សារ​បោះដុំ​ផលិតផល​កសិកម្ម និង​ការ​បង្កើត​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ។ ការ​បង្ហាញ​ពីគម្រោង​នេះ ធ្វើឡើង​ដោយ​លោក JEONG Yun Gilm នាយក​​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃ២៣ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង។

លោក JEONG Yun Gilm ក្នុងជំនួប​ជាមួយ​លោក វេង សាខុន នាព្រឹកថ្ងៃទី២៣មករា ២០១៩ (រូបថត៖ ហ្វេសប៊ុកក្រសួងកសិកម្ម)
ជាការ​ឆ្លើយតប លោក​រដ្ឋមន្រ្តី បាន​សម្តែង​ការ​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​នេះ ព្រោះវា​នឹងជួយ​រកទីផ្សារ​បន្លែ ផ្លែឈើ​ឱ្យ​កសិករ ជា​កន្លែង​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ទីផ្សារ តម្លៃ បរិមាណ​ផ្គត់ផ្គង់ ដែលអ្នក​បញ្ជាទិញ​ត្រូវការ និងជា​កន្លែង​ណាត់ជួប​រវាង​អ្នក​បរិភោគ ឈ្មួញ​កណ្តាល ជាមួយ​អ្នក​ផ្គត់ផ្គង់។ ជា​ពិសេស​ គម្រោង​នេះ នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព អនាម័យ និង​ប្រភព​ទំនិញ​ច្បាស់លាស់ ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ត និងការ​ធានា​ត្រឹមត្រូវ។

ជាមួយគ្នា​នេះ លោក វេង សាខុន បាន​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​រាជរដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដែលបាន​គាំទ្រ និង​ជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​កម្ពុជា​ ឱ្យមាន​ការ​រីកចម្រើន​លើគ្រប់​វិស័យ និងជា​ពិសេស​វិស័យ​កសិកម្ម។

លោកបន្ត​ថា សមិទ្ធផល​សំខាន់ៗ​ជាច្រើន​ដែល​កម្ពុជា​ សម្រេច​បាននាពេលនេះ គឺបាន​មកពី​កិច្ចសហប្រតិបត្តិការ​យ៉ាងល្អ​ប្រសើរ​រវាងប្រទេស​ទាំងពីរ ហើយ​លោក​រដ្ឋមន្ត្រី ជឿជាក់ថា​គម្រោងថ្មីនេះ​នឹង​ពង្រឹង និង​ពង្រីក​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ ឱ្យកាន់តែ​ល្អប្រសើរ​ថែមមួយ​កម្រិត​ទៀត ជា​ប្រយោជន៍​ដល់​ប្រជាជន និងប្រជា​កសិករ​កម្ពុជា។

រូបតំណាង

ក្រសួង​កសិកម្ម បាន​ឱ្យដឹងថា កិច្ចប្រជុំនេះ ​បាន​ផ្តោត​ជា​សំខាន់​លើ​ប្រធានបទ៖

ទី១. ពិនិត្យ ពិចារណា​ឱ្យបាន​ល្អិតល្អន់​អំពី​ទីតាំង​ដែលត្រូវ​ជ្រើសរើស​សម្រាប់​បង្កើត​ផ្សារ និង​ត្រូវ​បន្ត​ជួប​ពិភាក្សា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដូចជា​មន្ត្រី​ជំនាញ វិស័យ​ឯកជន សហគ្រាស​ខ្នាតតូច និង​មធ្យម ដៃគូ​អភិវឌ្ឍន៍​តាម​អភិក្រម "រដ្ឋ-ឯកជន-ដៃគូ​អភិវឌ្ឍន៍-និង​សហគមន៍"។

ទី២. បន្ត​ជំរុញ​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​លើ​ការងារ​ច្បាប់ និង​បច្ចេកទេស៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;