រដ្ឋមន្ត្រី​ លើក​ពី​ភាព​ចាំបាច់​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​ក្រុង​ធំៗ​របស់​ចិន

  • 2019-01-23 06:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើក​ឡើង ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​តាម​ទីក្រុង​ធំៗ​នៃ​ប្រទេស​ចិន ដូចជា៖ ក្វាងចូវ, ហាយនីង, ស៊ីអាន និង​ហុងកុង ដែល​បច្ចុប្បន្ន​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌ នៃ​ប្រទេស​ទាំងពីរ​។

ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ធ្វើឡើង​ក្នុង​វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-ចិន ឆ្នាំ​២០១៩ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​២២ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី សម្តេច ហ៊ុន សែន រួម​ជាមួយ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ព្រមទាំង​វិស័យ​ឯកជន សរុប​ជាង ៨០០​នាក់​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា នៅ​ថ្ងៃ​ខាងមុខ ក្រសួង​ពាណិជ្ជកម្ម ក៏​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថែម​ទៀត នៅ​ទីក្រុង​ប៉េកាំង, គុន​មីង, និង​ទីក្រុង​ផ្សេងៗ​ទៀត​ផងដែរ។ លោក​បន្ត​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចិន កាល​ពី​ឆ្នាំ​២០១៧ សម្រេច​បាន​ទឹក​ប្រាក់ ៥ ពាន់​លាន​ដុល្លារ​អាមេរិក តាម​ផែនការ​កំណត់ ព្រម​ទាំង​ផែនការ​បង្កើត ឲ្យ​បាន​ដល់ ៦ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០ និង ១០ ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២៣​។

សូម​ជម្រាប​ថា វេទិកា​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ​កម្ពុជា-ចិន គឺ​ជា​ជំនួប​សម្រាប់​វិស័យ​ឯកជន ដើម្បី​ទទួល​បាន​អនុសាសន៍​ពី​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ហើយ​ក៏​ជា​ឱកាស​សម្រាប់​វិនិយោគិន​ចិន ក្នុង​ការ​ស្វែង​យល់​អំពី​គោល​នយោបាយ និង​វិស័យ​សក្ដានុពល​សំខាន់​ៗ​របស់​កម្ពុជា ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទុន ស្រប​តាម​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ របស់​លោក​ ស៊ី ជិនពីង ប្រធានាធិបតី​ចិន​៕

រូប៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;