ស៊ឹម ស្រីនិច ចំណាយ​ពេលខ្លី តែក្តាប់​បាន​ការងារ​សិល្បៈ​ខ្លាំង

  • 2019-01-23 07:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទើប​តែ​ឈាន​ជើង​ដើរ​ចូល​ក្នុង​វិថី​សិល្បៈ តែ កញ្ញា ស៊ឹម ស្រី​និច ក្ដាប់​បាន​ឱកាស​ការងារ​សិល្បៈ​ច្រើន​ស្អេក​​ស្កះ យ៉ាង​លឿន​រហ័ស។

​សិល្ប​កា​រី​នី​ថ្មី ​រូប​នេះ​ឲ្យ​ដឹង​ថា ត្រឹម​រយៈ ពេល​ជាង​២​ឆ្នាំ​មក​នេះ ​ខ្លួន​បាន​ថត​ភាព​យន្ត​ជាង​២០​រឿង ទាំង​ដុំ-ភាគ និង​រឿង​ខ្លី​ ព្រម​ទាំង​ស្ប៉ត​ពាណិជ្ជកម្ម ​ថត MV ជា​ច្រើន រួម​ទាំង​ការ​លេច​មុខ​ស្ទើរ​មិន​ដែល​ដាច់​ក្នុង​កម្មវិធី ជា​ច្រើន។ ជាក់​ស្ដែង​ថ្មី​ៗ​នេះ កញ្ញា​ទើប​តែ​ថត​បញ្ចប់​រឿង​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ មាន​ចំណង​ជើង​ថា ​"​កញ្ញា​ជើង​ខ្លាំង​" ​​ជា​តួ​ឯក​ជាមួយ​តារា​ប្រុស សុខ ​សាន់​នី។

ក្រៅ​ពី​នេះ ក៏​មាន​ផលិត​ករ​ចង់​ទាក់​ទង​ឲ្យ​ ស្រី​និច សម្ដែង​រឿង​ថ្មី​មួយ ​ដែល​ពេល​នេះ​រូប​នាង ​កំពុង​ពិចារណា​ពី​ពេលវេលា និង​តម្លៃ​ការងារ។

ទស្សនិកជន​​ជា​ច្រើន ​កត់​សម្គាល់​ថា ភាព​ល្បី​ល្បាញ​កាន់​តែ​ខ្លាំង​របស់​នាង ​ចាប់​ផ្ដើម​ឡើង​ តាម​រយៈ​ការ​សម្ដែង​ជា​តួ​អង្គ​ស្រី ​ក្នុង​ប្រលោមលោក​ល្បី​មួយ​ របស់​លោក សុខ ចាន់​ផល ​គឺ "​សង្សា១៤​ថ្ងៃ​"។

​ការ​បោះ​ជំហាន​លឿន​ក្នុង​ពិភព​សិល្បៈ​នេះ ត្រូវ​បាន​តារា​ស្រី​ខាងលើ ​អះ​អាង​ថា ​គឺ​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ដោយ​ខ្លួន​ឯង ហើយ​បើ​និយាយ​​ពី​សមាជិក​គ្រួសារ​របស់​នាង​វិញ ​មិន​មាន​អ្នក​ណា​ជា​អ្នក​សិល្បៈ នោះ​ទេ។ ស្រីនិច បញ្ជាក់៖ «ដោយ​សារ​តែ​ការ​ព្យាយាម ទំនុក​ចិត្ត ការ​ជឿជាក់ ការ​ពុះពារ​ទៅ​លើ​គោល​ដៅ​ដែល​ស្រលាញ់ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ឈាន​ជើង​បាន​យ៉ាង​រលូន​ ក្នុង​វិស័យ​មួយ​នេះ»។

តួ​អង្គ​ស្រី​ក្នុង​រឿង "​អន្សម​" រូបនេះ បន្ត​ថា ​នាង​បាន​ចាប់​សិល្បៈ​ដំបូង​តាម​រយៈ ការ​ប្រឡង​សម្រស់​ក្នុង​កម្មវិធី​មួយ ​ហើយ​ពេល​នោះ​ចេះ​តែ​មាន​ឱកាស​បន្ត​បន្ទាប់​លើ​ការងារ​សិល្បៈ។ ​ចំពោះ​តម្លៃ​ក្នុង​ការ​ថត​វិញ ​ក៏​មាន​ការប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ដែល​ខុស​ពី​គ្រា​ចូល​សិល្បៈ​ដំបូង ដែល​ស្រី​និច​ ទទួល​បាន​កម្រៃ​បន្តិច​បន្តួច​ប៉ុណ្ណោះ៕

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី
;