ឥណ្ឌូណេស៊ី គ្រោង​សង់​ព្រលាន​យន្តហោះ​ថ្មី នៅ​លើ​កោះ​ដែល​ធ្លាប់គ្រប់គ្រង​ដោយ​ជប៉ុន

  • 2019-01-23 08:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូណេស៊ី កំពុង​រៀបចំ​ដី​​ទំហំ ៤០​ហិកតា សម្រាប់​​សាងសង់​​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​មួយ នៅ​ក្រុង Sabang កោះ​ Aceh ប្រទេសឥណ្ឌូណេស៊ី ដើម្បី​ជំរុញ​ទេសចរណ៍​។ លោក Nazaruddin អភិបាលក្រុង Sabang បាន​បញ្ជាក់ដូច្នេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ​២០១៩។

លោក​អភិបាលក្រុង Sabang បង្ហើបថា លោក និងមន្ត្រីការិយាល័យ​រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិដ្ឋ បាន​ពិភាក្សា​ ជ្រើសរើសទីតាំង​ចំនួន៣ ដើម្បីរួមបញ្ចូលសាងសង់ជាព្រលានយន្តហោះអន្តរជាតិថ្មី​មួយ។

លោក Lokot Ahmad Enda អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី បានបង្ហើបថា គម្រោង​សាងសង់ព្រលាន​យន្តហោះអន្តរជាតិថ្មី អាចទៅរួច ទោះបីជាកោះ Sabang មានព្រលានយន្តហោះចំនួន ១កន្លែង (ព្រលាន Maimun Saleh) រួចហើយក៏ដោយ។

លោកបន្តថា បើជោគជ័យ កោះ Sabang នឹងទទួលបាន​ជើងហោះហើរ​នានា មកពីជុំវិញពិភពលោក ដើម្បីនាំភ្ញៀវទេសចរយ៉ាងច្រើន មកកម្សាន្តនៅកោះមួយនេះ។ បច្ចុប្បន្ន តំបន់ទេសចរណ៍សំខាន់ៗលើកោះ Sabang មានចំនួន ៣កន្លែង។

សូមជម្រាបថា កោះ Sabang ដែលស្ថិតនៅចុងខាងជើង​កោះ​ស៊ូម៉ាត្រា​ ធ្លាប់​ត្រូវបានគ្រប់គ្រងដោយជប៉ុន កាលពីសង្គ្រាមលោកលើកទី២ ដោយបច្ចុប្បន្ន បានបន្សល់ទុកនូវ​ស្លាកស្នាម លេណដ្ឋាន កំពែង និង​ទីតាំង​ផ្ទុកអាវុធ។ យោងតាមជំរឿនឆ្នាំ២០១៤ កោះនេះ​មានប្រជាជនប្រមាណជាង ៣ម៉ឺននាក់៕

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;