ឡាវ សម្រេច​ឈប់​យក​ពន្ធ​លើ​ទំនិញ​ជាង ៨ពាន់​មុខ ដែល​នាំចូល​ពី​ប្រទេស​អាស៊ាន

  • 2019-01-23 09:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ឡាវ បាន​សម្រេច​បញ្ឈប់ការ​យកពន្ធ (ពន្ធ ០%) លើ​ទំនិញ​ប្រមាណ ៨៥៣៦​មុខ ដែល​នាំចូល​ពី​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ចូលរួម​ចំណែក​បង្កើត​នូវ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន។ នេះបើ​តាម​ការចុះផ្សាយ​របស់ Vientiane Times នៅថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩ ដោយ​ដកស្រង់​ចេញពី​របាយការណ៍​ក្នុង​កិច្ចប្រជុំ​មួយ​របស់​ក្រសួង​ផែនការ និង​វិនិយោគ​នៃ​ប្រទេស​ឡាវ កាលពី​ពេលថ្មីៗ​នេះ។

ទំនិញ​ទាំងនេះ គឺ​ស្មើនឹង ៨៩% នៃ​ទំនិញ​សរុប ដែល​ឡាវ​បាន​ធ្វើពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​នេះ ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន (ATIGA)។ ចំណែក​ទំនិញ​ណា​ដែល​ឡាវ​យល់ឃើញ​ថា មាន​សារៈសំខាន់​សម្រាប់​ស្ថិរភាព​សេដ្ឋកិច្ច គឺ​បន្ត​ការ​យក​ពន្ធ​ដដែល ពោលគឺ​មាន​ប្រមាណ ៣២៥មុខ​ទំនិញ។

ទំនិញ​ក្នុង Mart មួយ​នៅប្រទេសឡាវ
មន្រ្តីគយ​ឡាវមួយ​រូប បាន​ប្រាប់​សារព័ត៌មាន​នេះ​ថា ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន (AFTA) ប្រទេស​សមាជិក​នីមួយៗ មាន​សិទ្ធិ​ដាក់មុខ​ទំនិញ​ក្នុង​បញ្ជី​ដែលត្រូវ​យកពន្ធ ដើម្បី​អាច​ទប់ស្កាត់​ពីការ​ធ្លាក់ចុះ​ប្រាក់​ចំណូល​របស់​ប្រទេស​នោះ។

មន្រ្តី​ដដែល​បន្តថា រដ្ឋាភិបាល​ឡាវ បាន​កំណត់​ពន្ធតម្លៃ​បន្ថែម (VAT) ១០% លើ​ទំនិញ​នាំចូល ដែល​ជាផ្នែក​នៃកិច្ចប្រឹងប្រែង បង្កើន​ចំណូល​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំនេះ។

ឡាវ​បាន​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន ក្នុងឆ្នាំ​២០១៥។ ក្នុង​នាមជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ជា​ប្រទេស​សមាជិក​អាស៊ាន​ថ្មីមួយដែរ​នោះ ឡាវ អាច​ពន្យារ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះដោយ​ពេញលេញ ដល់​ឆ្នាំ​២០១៨។

សូម​ជម្រាប​ថា គោល​បំណងចម្បង​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​ការ​លុបបំបាត់​ពន្ធ​នាំចូល គឺ​ធ្វើឡើង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ក្នុងតំបន់​ដែលមាន​ប្រជាជន​ប្រមាណ ៦០០លាននាក់​នេះ។ ការលុប​បំបាត់​ពន្ធគយ​នេះ គឺ​ដើម្បី​ជួយ​ឱ្យអ្នក​ផលិត និង​អ្នក​ជំនួញ ក្នុង​តំបន់​អាស៊ាន អាច​ចែកចាយ​ទំនិញ​របស់​ពួកគេ កាន់តែ​សេរី និង​កាត់​បន្ថយ​បាន​នូវការ​ចំណាយ​ថ្លៃដើម​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ផងដែរ។ លំហូរ​ទំនិញ​ដោយ​សេរី​នេះ ក៏នឹង​ជួយ​ទាក់ទាញ​​អ្នក​វិនិយោគ​នៅ​ក្រៅ​តំបន់ ឱ្យចូល​មក​វិនិយោគ​ ដើម្បី​បង្កើត​ការងារ​ដល់​ប្រជាជន​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;