ប្រភព​ថាមពល​អគ្គិសនី​កម្ពុជា ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង ត្រូវបាន​កាត់​បន្ថយ​មក​នៅត្រឹម​ជាង ១៤%

  • 2019-01-24 02:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រភព​ថាមពល​អគ្គិសនី​របស់​កម្ពុជា ដែល​នាំចូល​ពី​ប្រទេស​ជិតខាង​ ត្រូវបាន​កាត់​បន្ថយ​មកនៅ​ត្រឹម ១៤,១៥% នៅឆ្នាំ​២០១៨ ពោលគឺ​បាន​ថយចុះ​ជាបន្ត​បន្ទាប់ពី ៤០,០៦% នៅឆ្នាំ​២០១៤។ នេះបើតាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែលត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ការធ្វើ​សេវាកម្ម​អគ្គិសនី​នៅកម្ពុជា​ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩។

របាយការណ៍​នេះ​បង្ហាញ​ថា នៅចុងឆ្នាំ២០១៨ បរិមាណ​ថាមពល​អគ្គិសនី​ដែលបាន​ផ្តល់​សរុប​មាន ៩៣០៧,៤៤លាន​គីឡូវ៉ាត់ម៉ោង គឺ​កើនឡើង ១,៩១ដង ក្នុង​អំឡុងឆ្នាំ​២០១៤ ដល់ឆ្នាំ​២០១៨។ ប្រភព​ផលិត​អគ្គិសនី​ក្នុង​ស្រុក​មាន​អានុភាព ២២០៧,៧៦ មេហ្គាវ៉ាត់ ដោយនៅ​អាណត្តិទី៥ (២០១៤-២០១៨) ការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​បាន​បន្ថែម​អានុភាព ១០៩៩,២​មេហ្គាវ៉ាត់។ ទន្ទឹមនឹងនេះ​ ក៏បាន​បញ្ឈប់​ដំណើរការ​ប្រភព​អគ្គិសនី​ប្រើ​ប្រេងខ្មៅ ៥២,៧​មេហ្គាវ៉ាត់ និង​លុប​បំបាត់​ការផលិត​អគ្គិសនី​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​របស់​អ្នកកាន់​អាជ្ញា​បណ្ណ​អស់ ៣៦,២៣​មេហ្គាវ៉ាត់។

គិតត្រឹម​ចុងឆ្នាំ​២០១៨ អាជ្ញាធរ​អគ្គិសនីកម្ពុជា​បាន​ផ្តល់​ដែន​អាជ្ញាបណ្ណ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​ចំនួន ១៤ ០៧២ភូមិ ស្មើ ៩៩,៣២% នៃ​ចំនួន​ភូមិ​សរុប ១៤ ១៦៨ ខណៈ ការសាងសង់​បណ្តាញ​ចែកចាយ​អគ្គិសនី​បាន​ទៅដល់​ភូមិ​ចំនួន ១២ ៣០៥ ស្មើ ៨៦,៨៥%។ ទន្ទឹមនឹង​នេះ វឌ្ឍនភាព​នៃការ​ភ្ជាប់​ចរន្ត​អគ្គិសនី​ឲ្យអ្នក​ប្រើប្រាស់​គ្រប់​ប្រភេទ​មាន​ចំនួន ២ ៦៤៥ ៦៣០​កន្លែង ដែល​ក្នុង​នោះ លំនៅឋាន​មាន​ចំនួន ២ ៥៣៧ ២៨២ខ្នង​ផ្ទះ អាជីវកម្ម​និង​ឧស្សាហកម្ម​មាន​ចំនួន ១០២ ៣៧៦ កន្លែង និង​ស្ថាប័ន​រដ្ឋ​មាន​ចំនួន ៥៩៧២កន្លែង។

បើតាម​លោក វ៉ិចទ័រ ហ្ស៊ូណា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ បាន​ឲ្យដឹង​កាលពី​ដើមខែមករានេះ​ថា រាជរដ្ឋាភិបាល​គ្រោង​នឹង​បង្កើន​លទ្ធភាព​នៃការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ឲ្យដល់​ជាង ២៨៧០​មេហ្គាវ៉ាត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ និង​កំណើន​ការ​ពង្រីក​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា។

លោក​បន្ត​ថា ប្រភព​ថាមពល​ដែល​ទទួល​បាន​គឺ​មកពី​រោងចក្រ​ផលិត​ធ្យូងថ្ម​នៅខេត្ត​ព្រះសីហនុ ការបើក​ឱ្យ​ដំណើរការ​ពេញលេញ​នៃ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​វារី​អគ្គិសនី​សេសាន​ក្រោម២ និង​គម្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដើរដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅចុងឆ្នាំ​២០១៩​ខាងមុខ​នេះ។ បន្ថែមពីនេះ​ទៀត គឺការ​នាំចូល​ប្រភព​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​ដូចជា ប្រទេស​វៀតណាម ចំនួន ២៧៧​មេហ្គាវ៉ាត់, ថៃ​ចំនួន​ជាង ១៣៥ មេហ្គាវ៉ាត់ និង​ពី​ប្រទេស​ឡាវ​ចំនួន ៣០​មេហ្គាវ៉ាត់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;