គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ ទៅ​តំបន់​ស្វាយជ្រុំ ស្ថិត​ក្រោម​ការ​សិក្សា​របស់​កូរ៉េ

  • 2019-01-24 03:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បាន​អះអាង​ថា គម្រោង​សាងសង់ ស្ពាន​ឆ្លង​ពី​ជ្រោយ​ចង្វារ​ទៅ​កាន់​តំបន់​ស្វាយជ្រុំ​មិន​អាច​ដំណើរ​បាន​នៅ​ឡើយ​ទេ ក្រោយ​ពី ប្រគល់​សិទ្ធិ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង​ សិក្សា​បន្ទាប់​ពី​ចិន​។ នេះបើតា​មការ​ចុះ​ផ្សាយ​របស់ AKP កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រាប់ ទីភ្នាក់ងារ​សារព័ត៌មាន កម្ពុជា AKPកាលពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៩​ថា គម្រោង​សាងសង់ ស្ពាន​ជ្រោយចង្វារ-ស្វាយជ្រុំ ត្រូវ​បាន​ភាគី​ចិន​សិក្សា​ចប់​ម្តង​រួច​មក​ហើយ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ស្ថិត​ក្រោម​ការ​សិក្សា​គម្រោង​របស់​ភាគី​ប្រទេស​កូរ៉េខាងត្បូង​វិញ​ម្តង ដែល​ការ​សិក្សា​នេះ ក៏​មិន​ដឹង​ចប់​ពេល​ណា​ដែរ​។

សូម​រំឭក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​ ហ៊ុន សែន បាន​ប្រកាស ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​បើក​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ ៦០​ម៉ែត្រ កាលពី​ឆ្នាំ​២០១៧ ដោយ​បាន​លើក ឡើង​ពី​គម្រោង​សាងសង់​ស្ពាន​ភ្ជាប់​រវាង​តំបន់​ក្តី​តាកុយ ភ្ជាប់​ទៅ​កាន់​តំបន់​អរិយក្សត្រ និង​ពី​ផ្លូវ​កែវ ចិន្តា នា​តំបន់​ជ្រោយ​ចង្វារ ភ្ជាប់​ទៅ​កាន់​តំបន់​ស្វាយ​ជ្រុំ ស្ថិត​ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក ល្វាឯម ខេត្ត​កណ្តាល នា​អំឡុង​ឆ្នាំ​២០១៩​នេះ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ចេញ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា កូរ៉េខាងត្បូង​បាន យល់ព្រម​ទទួល​សំណើ​របស់​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ការ​ជួយ​សាង​សង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងកាត់​ទន្លេ​មេគង្គ​ពី​រាជធានី​ភ្នំពេញ​ទៅ​ត្រើយ​ម្ខាង​។

ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ Oh Nak-Young កាល​ពី​ពេល​កន្លង​មក​នេះ សម្តេច ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​មាន​ស្ពាន​មិត្ត​ភាព​ពី​ប្រទេស​ចិន និង​ជប៉ុន​រួច​ទៅ​ហើយ ដូច្នេះ​ កម្ពុជា​នឹង​មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង​ដែល​មាន​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ផងដែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;