សត្វ​ស្លាប​មក​រស់នៅ​បឹង​ពារាំង ខេត្ត​សៀមរាប មាន​ចំនួន​កើនឡើង​ នៅ​រដូវ​ទឹក​ស្រក

  • 2019-01-24 06:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​អភិរក្ស និង​ការពារ​តំបន់​ទេសចរណ៍​ធម្មជាតិ បឹង​ពារាំង ជាប់​បឹង​ទន្លេសាប ខេត្ត​សៀមរាប បាន​អះអាង​ថា សត្វ​ស្លាប​រាប់​រយ​ប្រភេទ បាន​មក​រស់នៅ​ក្នុង​បឹង​ពារាំង ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង ដោយ​សារ​នៅ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង​នេះ ពួកវា​មក​រក​ចំណី​បាន​ងាយស្រួល នៅ​រដូវ​ទឹក​ស្រក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ AKP ​នា​ថ្ងៃ​ទី​២៤ ខែ​មករា ​ឆ្នាំ​២០១៩។

លោក គង់ មង្គល ប្រធាន​សមាគម​ទេសចរណ៍​ធម្មជាតិ​បឹង​ពារាំង បាន​ឲ្យ​ដឹង​ថា សត្វ​ស្លាប​ដែល​បាន​អភិរក្ស នៅ​ក្នុង​បឹង​ពារាំង ស្ថិត​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ត​សៀមរាប​នេះ មាន​រយៈពេល​ប្រមាណ ៤ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​​នេះ​ ចំនួន​សត្វ​មាន​ការ​កើន​ឡើង​រាប់រយ រាប់​ពាន់​ក្បាល ដោយសារ​តំបន់​នេះ​ ពួកវា​ងាយស្រួល​រក​ចំណី​នៅ​ក្នុង​បឹង ស្រប​ពេល​ដែល​ទឹក​បាន​ស្រក​ចុះ ហើយ​ហ្វូង​សត្វ​ទាំងនេះ ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​ការពារ​យ៉ាង​តឹងតែង​។

លោក​បាន​បន្ដ​ថា កាលពី​ឆ្នាំ​២០១៥ អង្គការ​ការពារ​សត្វ អូស​ស្មូ បាន​រក​ឃើញ​ថា មាន​សត្វស្លាប​នៅ​បឹង​ពារំាង​នោះ មាន​តែ ១ ឬ​ ២ប្រភេទ​ប៉ុណ្ណោះ ប៉ុន្ដែ​សម្រាប់​ឆ្នាំ​២០១៩​នេះ បាន​កើនឡើង​មាន​ប្រមាណ​ពី ៣ទៅ ៥ប្រភេទ ខណៈ​ដែល​ព្រៃ​លិច​ទឹក​ ក៏​កំពុង​រក្សា​ការពារ​បាន​ល្អ​ប្រសើរ​ នៅ​ក្នុង​បឹង​នោះ​ផងដែរ​។

លោក​ប្រធាន​សហគម​ទេសចរណ៍ បាន​បន្ដ​ទៀត​ថា ទោះបីជា​មាន​ការ​កើន​ឡើង​នូវ​ចំនួន​សត្វស្លាប និង​ព្រៃឈើ ព្រៃ​លិច​ទឹក​សន្ធឹកសន្ធាប់ ដែល​ជាសក្ដានុពល​​ធម្មជាតិ​នៅ​ពេល​នេះ​ក្ដី ក៏​លោក​ថា បច្ចុប្បន្ន​មិន​ទាន់​អាច​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​កម្សាន្ត​ពី​សក្ដានុពល​ទាំងនោះ​បាន​នៅ​ឡើយ​ទេ ដោយសារ​ផ្លូវ​ចេញ-ចូល​ មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ខណៈ​ដែល​តំបន់​នោះ​ មាន​ចម្ងាយ​ប្រមាណ ៨​គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប និង​ជាង​ ១០គីឡូម៉ែត្រ​ពី​តំបន់​អង្គរ​។

លោក​ប្រធាន​សហគមន៍​ បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល​ ជួយ​ស្ថាបនា​ផ្លូវ ១ខ្សែ​ទៅ​កាន់​តំបន់​នេះ ដើម្បី​ទាញ​យក​ចំណូល​ពី​វិស័យ​ទេសចរណ៍​ ឲ្យ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

លោក គង់ មង្គល បាន​មាន​ប្រសាសន៍​បន្ថែម​ថា សត្វ​ស្លាប​ដែល​សំបូរ​បែប​នៅ​ក្នុង​បឹង​ពារាំង​នោះ រួម​មាន៖ សត្វ​ននៀល​ពណ៌ សត្វ​ទុង សត្វ​ប្រវឹក ទាព្រៃ ។ល។ លោក​បាន​បន្ដ​ថា តំបន់​បឹង​ពារាំង​នោះ​ មាន​សក្ដានុពល​ទេសចរណ៍​ បន្ទាប់ពី​រមណីយដ្ឋាន​អង្គរ ដោយ​បឹង​ពារាំង​នេះ​ មាន​ព្រៃ​លិច​ទឹក និង​​សត្វ​ស្លាប​រាប់​ពាន់​ក្បាល កំពុង​តែ​ដើរ​រក​ចំណី​សម្រាប់​អ្នក​ដែល​បាន​ទៅ​ទស្សនា។​ ទិដ្ឋភាព​ទាំងនេះ​ហើយ បាន​ធ្វើឲ្យ​អារម្មណ៍​សប្បាយ​រីករាយ​ជាមួយ​នឹង​ធម្មជាតិ​ដ៏​អស្ចារ្យ​។

បឹង​ធម្មជាតិ​ពារាំង មាន​ផ្ទៃ​ក្រឡា​ប្រមាណ​ ២៥០​ហិកតា ស្ថិត​នៅ​ជាប់​បឹង​ទន្លេ​សាប ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​សង្កាត់​ជ្រាវ និង​សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប។ នៅ​ក្នុង​បឹង​នោះ មាន​កោះ​តូច​ៗ ចំនួន​១០ ដែល​ហ៊ុមព័ទ្ធ​ដោយ​ព្រៃឈើ​លិច​ទឹក និង​ជា​ទីតាំង​ជម្រក​ត្រី​ពង​កូន​ នៅ​រដូវ​វស្សា​ផង​ដែរ​៕

រូប៖ AKP

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;