សម្តេច ហ៊ុន សែន៖ កម្ពុជា មាន​ទ័ពតិច និង​អាវុធតូចតាច តែមាន​សមត្ថភាព​ការពារ​ខ្លួនបាន

  • 2019-01-24 06:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 81

ចន្លោះមិនឃើញ

សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា និង​ជា​នាយ​ឧត្តមសេនីយ៍​ផុតលេខ​ផ្កាយមាស​៥ បាន​ថ្លែងថា ពិតមែន​តែ​កម្ពុជា មាន​កងទ័ព​តិច និង​អាវុធ​តូចតាច​ទន់ខ្សោយ​ក៏ដោយ តែ​មាន​សមត្ថភាព​ការពារ​ខ្លួន​បាន។ ការ​ថ្លែងនេះ​ធ្វើឡើង​ក្នុង​ពិធី​អបអរសាទរ​ខួប២០ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោក នាព្រឹក​ថ្ងៃទី២៤ ខែ​មករា ឆ្នាំ​២០១៩។

សម្តេច​បន្ត​ថា៖ «យើង​មិន​យល់​ព្រមឱ្យ​ឧទ្ទាម​ទាំង​ទីក្រុង ទាំង​ឧទ្ទាម​ក្នុង​ព្រៃ ផ្តួល​រំលំ​រដ្ឋ​បានទេ។ សូម្បី​តែនៅ​ប្រទេស​បារាំង​បច្ចុប្បន្ន ក៏ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ដើម្បី​ទប់ស្កាត់​នូវ​ចលនា​អាវកាក់​ពណ៌លឿង។ ហេតុអ្វី​ក៏​បារាំង​អាច​ធ្វើបាន តែ​កម្ពុជា​មិនអាច​បាន»។

សម្តេច ហ៊ុន សែន បន្ថែម​ថា ប្រទេសខ្លះ ​ហ៊ាន​ប្រើ​កងទ័ព​ដើម្បី​ទៅ​ដណ្តើម​យក​រដ្ឋ​មួយ​ទៀត ហើយ​ដោយ​គ្មាន​បញ្ហា​ទៀតផង។ ឯ​សម្រាប់​កម្ពុជា គ្រាន់តែ​ប្រើកងទ័ព​ដើម្បី​ការពារ​រដ្ឋ តែត្រូវ​បានគេ​ចោទ​ថា ជា​ជន​ផ្តាច់ការ។ ការណ៍នេះ ត្រូវបាន​សម្តេច​និយាយថា «វាមិន​យុត្តិធម៌​ទេ នៅលើ​លោកិយ​នេះ»។

ជាមួយគ្នានេះ សម្តេច​នាយករដ្ឋមន្រ្តី ក៏បាន​ដាក់ចេញបទបញ្ជា​មួយ​ចំនួន​ផងដែរ​ដូចខាងក្រោម៖

-ខិតខំ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេវរកម្ម ទប់ស្កាត់​អំពើ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទប់ស្កាត់​មិនឲ្យមាន​ការធ្វើ​បដិវត្ត​ពណ៌តាម​រូបភាព​ណា​ក៏ដោយ បើឃើញ​ថា​ខុសច្បាប់​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា​ហើយ គឺត្រូវតែ​បង្ក្រាប​ឲ្យទាន់​ពេលវេលា។

-ខិតខំ​បង្កើន​វិន័យ​កងទ័ព​ឲ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ពេលដែល​មាន​ឧបករណ៍​សម្ភារ​គ្រប់គ្រាន់​ហើយ តែបែរជា​មិនចេះ​ប្រើប្រាស់​ ត្រូវអនុវត្ត​តាម​បទបញ្ជា និងត្រូវ​បង្កើន​ការហ្វឹកហាត់​ទាំងតាម​ក្បួនខ្នាត​ទ័ព​ត្រឹមត្រូវ និងហាត់ប្រាណ​ដើម្បី​រក្សា​សុខភាព។

-ត្រូវយកចិត្ត​ទុកដាក់​ថែទាំ​សម្ភារៈ​ដែល​មាន ដើម្បី​ធានា​ថា​ អាវុធ​នៅតែ​អាចប្រើប្រាស់បាន​នៅពេលដែល​ត្រូវការ​បន្ទាន់។ អង្គភាព​ទាំងអស់​ត្រូវតែ​ថែទាំ​សម្ភារៈ​យុទ្ឋភ័ណ្ឌ​របស់ខ្លួន​ឲ្យបាន​ល្អ ដើម្បី​ធានា​ថា​អាវុធ​ ត្រូវបាន​ប្រើប្រាស់​ចំ​គោលដៅ​នៅពេល​ត្រូវការ៕

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន

ចុចអាន៖ សម្តេច ហ៊ុន សែន ប្រាប់​ឱ្យ​ទាហាន​សម្រក​ក្បាលពោះ


អត្ថបទ៖ សំភី