កម្ពុជា-ADB ចុះ MoU ស្តីពី​ការ​រៀបចំ​កិច្ចប្រជុំ​លើក​ទី៧ នៃ​គណៈកម្មាធិការ​រួម​អនុវត្ត​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន

  • 2019-01-24 06:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃការ​យោគយល់ ស្តីពី​ការ​រៀបចំ​កិច្ចប្រជុំ​លើក​ទី៧ នៃ​គណៈ​កម្មាធិការ​រួម​អនុវត្ត​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន។ កិច្ចប្រជុំ​នេះ ​នឹងប្រព្រឹត្ត​ទៅ​នៅ​ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​ទឹកដី​អង្គរ​នៃ​ខេត្ត​សៀមរាប។

កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩ លោក តូច ចាន់កុសល រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​គណៈ​ប្រតិភូ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដោយមា​នការ​ចូល​រួមពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ផងដែរ។

លោក​រដ្ឋមន្ត្រី​ស្ដីទី បាន​ឱ្យដឹង​ថា កម្ពុជា​នឹង​ទទួល​ធ្វើជាម្ចាស់​ផ្ទះ​ក្នុងការ​រៀបចំ និង​ធ្វើជា​ប្រធាន បន្តវេន​តាម​លំដាប់​អក្សរ​ឡាតាំង​នូវកិច្ចប្រជុំ​លើកទី៧​នៃ​គណៈកម្មាធិការ​រួម​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ក្រោម​ក្របខណ្ឌ​មហា​អនុ​តំបន់​មេគង្គ (GMS-CBTA) និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​សម្រួល​ការ​ដឹកជញ្ជូន​ឆ្លងដែន ដែល​គ្រោងនឹង​ប្រព្រឹត្ត​ទៅក្នុង​ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​សៀមរាប ខេត្ត​សៀមរាប។

លោក តូច ចាន់កុសល (រូបថត៖ ផ្តល់ឱ្យ)
ភាគី​ទាំងពីរ​បាន​ជជែក​ពិភាក្សា​លម្អិត​លើការ​បែងចែក​ការ​ទទួល​ខុសត្រូវ និង​របៀបវារៈ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំនេះ​ឱ្យមាន​ភាព​រលូន និងបាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃការ​យោគយល់​ស្តីពី​ការរៀបចំ​កិច្ចប្រជុំ​លើកទី៧​ នៃ​គណៈកម្មាធិការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្នុង​ក្របខណ្ឌ​មហា​អនុ​តំបន់​មេគង្គ (7th JC GMS CBTA)។

គួររំលឹក​ផងដែរ​ថា បន្ទាប់ពី​ការចូល​ជាធរមាន​នូវ​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន (CBTA) ក្នុង​ឆ្នាំ​២០១៥ ក្រុម​រដ្ឋមន្រ្តី​មហា​អនុ​តំបន់​មេគង្គ បានពិភាក្សា​លើ​បែបបទ​សម្រាប់​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ដែល​ក្នុងនោះ​រួមមាន៖

១. ការផ្តល់​និង​ចេញ​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ទៅឱ្យ​ប្រតិបត្តិករ​ឆ្លងដែន​ដែលជា​វិធានការ/បទបញ្ញត្តិ​បន្ទាន់​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀងCBTA។

២. ការធ្វើ​បច្ចុប្បន្នភាព​បទបញ្ញត្តិ​នៃ​មាត្រា CBTAនិង​ទិសដៅ​បន្ត រាប់​បញ្ចូល​ទាំង​ថាតើ​ធ្វើដូចម្តេច​ដើម្បី​ធានា​ថាCBTA ជា​កិច្ចព្រមព្រៀង​មួយ​មាន​សារៈសំខាន់

និង​៣. ពេលវេលា​ជាក់លាក់​សម្រាប់​ការ​អនុវត្តCBTA ឱ្យបាន​ពេញលេញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;