សហព័ន្ធ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ទិញ​អង្ករ​កម្ពុជា

  • 2019-01-24 07:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (ស.អ.ក) បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួយ​គាំទ្រ​តាម​រយៈ​ការ​ទិញ​អង្ករ​កម្ពុជា ដើម្បី​ពង្រឹង​ទីផ្សារ​ក្នុង​ស្រុក និង​ជួយ​គាំទ្រ​ដល់​ប្រជា​កសិករ​ខ្មែរ ក៏ដូចជា​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ទាំងមូល។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់ ស.អ.ក កាលពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០១៩​។

ការ​អំពាវនាវ​នេះ គឺ​បន្ទាប់ពី​ សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ បាន​សម្រេច​លើ​ការ​យក​ពន្ធ​លើ​អង្ករ​សម្រិត​ប្រភេទ Indica (មាន​លេខ​កូដ​សម្គាល់ 1006 30 27, 1006 30 48, 1006 30 67 និង 1006 30 98) ក្នុង​រយៈ​ពេល ៣ឆ្នាំ​ពី​កម្ពុជា ដោយ​លើក​លែង​ចំពោះ​អង្ករ​សម្រូប អង្ករ​បាក់ និង​ប្រភេទ​អង្ករ​ផ្សេង​ទៀត​របស់​កម្ពុជា ទៅ​ទីផ្សារ​អឺរ៉ុប​។

សេចក្ដី​ថ្លែងការណ៍​របស់ ស.អ.ក បាន​ឲ្យដឹង​ថា ការ​សម្រេច​ដាក់​ពន្ធ​នេះ មាន​លក្ខណៈ​ឆាប់​រហ័ស​ពេក នៅ​ពេល​ដែល​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ត្រូវ​ការ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ដើម្បី​ពង្រឹង​ខ្លួន​ឲ្យ​បាន​រឹងមាំ​គ្រប់គ្រាន់ ក្នុង​ការ​ប្រកួត​ប្រជែង​ ដោយ​មិន​អាស្រ័យ​លើ​ការ​អនុគ្រោះ​ពន្ធ​បាន។ ការ​យក​ពន្ធ​នេះ នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង និង​មាន​ការ​ពិបាក​នាំចូល​អង្ករ​ពី​កម្ពុជា ទៅ​កាន់​សហភាព​អឺរ៉ុប ដោយសារ​កម្ពុជា​មិន​បាន​ត្រៀម​ខ្លួន​ពេញ​លេញ​។

សេចក្ដីថ្លែងការណ៍​របស់ ស.អ.ក ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ពន្ធ​នេះ ស.អ.ក នឹង​ព្យាយាម​តវ៉ា​ទៅ​អន្តរជាតិ និង​ព្យាយាម​ពង្រឹង​ការ​ប្រកួត​ប្រជែង តាម​រយៈ​ការ​កាត់​បន្ថយ​ចំណាយ​ថ្លៃ​ដើម និង​ពង្រីក​ទីផ្សារ​ដោយ​ធ្វើការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ ជាពិសេស​ក្រុម​ការងារ​ទី៩ នៃ​វេទិកា​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ផ្នែក​ស្រូវ​អង្ករ ដើម្បី​ជំរុញ​ការ​ប្រកួត​ប្រជែង និង​ព្យាយាម​ជំរុញ​ម៉ាក​សញ្ញា​អង្ករ​ប្រណីត​កម្ពុជា ម្លិះ​អង្គរ ដែល​ជា​ម៉ាក​សញ្ញា​សម្រាប់​សម្គាល់​អង្ករ ដែល​ទទួល​បាន​បាន​រង្វាន់​អង្ករ​ល្អ​ជាង​គេ នៅ​លើ​ពិភពលោក​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នានា។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចាត់​ទុក​ការ​សម្រេច​ដាក់​ពន្ធ​នេះ ជា​ជំហាន​ថយ​ក្រោយ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដែល​បាន​កសាង​កន្លង​មក​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;