ចិន ​កំពុង​សាងសង់​ ឧទ្យាន​ច្នៃប្រឌិត​វប្បធម៌ ដ៏​ធំ​មួយ​នៅ​ខេត្ត​សៀមរាប

  • 2019-01-28 02:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ២០១៩ លោក​ ឡ ស៊ូកាង (Luo Shugang) រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​ឧទ្យាន​ច្នៃ​ប្រឌិត​វប្បធម៌​កម្ពុជា-ចិន​ដ៏​ធំ​មួយ ដែល​ស្ថិតនៅ​ក្នុង​បរិវេណ​សណ្ឋាគារ​សុខា​សៀមរាប ខេត្ត​សៀមរាប​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ AKP ​កាលពី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៩​។

ប្លង់គំរូ ឧទ្យាន​ច្នៃ​ប្រឌិត​វប្បធម៌​កម្ពុជា-ចិន​ នៅខេត្តសៀមរាប​
លោក Liu Zhijie ប្រធាន​ការិយាល័យ​កុងស៊ុល​ចិន​ប្រចាំ​នៅ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ឧទ្យាន​ច្នៃ​ប្រឌិត​វប្បធម៌​កម្ពុជា-ចិន​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ចិន Yunnan Cultural Industry Investment Holding Group បាន​បណ្ដាក់​ទុន​ជាង ៧០ លាន​ដុល្លារ ដើម្បី​សាងសង់ ហើយ​កំពុង​សាងសង់​លើ​ផ្ទៃដី​សរុប​ប្រមាណ ៣,៣  ហិក​តា ដែល​ក្រោយ​ពេល​សាងសង់​រួច ឧទ្យាន​នេះ​នឹង​ក្លាយជា​បណ្ដុំ​នៃ​តំបន់​ទេសចរណ៍​បែប​វប្បធម៌ រួមមាន រោង​មហោស្រព​ញញឹម​អង្គរ ចំនួន​ ១៥០០​កៅអី, សារមន្ទីរ Zhou Daguan, មជ្ឈមណ្ឌល​វប្បធម៌​សម័យ​ចេនឡា, មជ្ឈមណ្ឌល​ផ្លាស់​ប្តូរ​វប្បធម៌​កម្ពុជា-ចិន,  មជ្ឈមណ្ឌល​ពិព័រណ៍​ផលិតផល​វប្បធម៌ និង​ភោជនីយដ្ឋាន ជាដើម។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​របស់​ក្រុមហ៊ុន គម្រោង​នេះ គ្រោង​សាងសង់​ឲ្យ​រួចរាល់​ នៅ​ត្រឹម​ឆ្នាំ​២០២០ និង​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ឈ្វេង​យល់​ពី​វប្បធម៌​ខ្មែរ និង​ចិន។

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ឧទ្យាន​ច្នៃ​ប្រឌិត​វប្បធម៌​កម្ពុជា-ចិន គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​បង្ហាញ​វប្បធម៌​កម្ពុជា-ចិន ជាពិសេស​ការ​បង្ហាញ​ពី​វប្បធម៌​ខ្មែរ ​ព្រោះ​នៅ​ក្នុង​ឧទ្យាន​ច្នៃ​ប្រឌិត​វប្បធម៌​កម្ពុជា-ចិន មាន​សម្ដែង​ពី​វប្បធម៌​ខ្មែរ ដូចជា​ការ កសាង​អង្គរ ចម្បាំង​របស់​កងទ័ព​ខ្មែរ​នៅ​សម័យ​បុរាណ និង​ការ​បង្ហាញ​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ជាច្រើន​ទៀត​។

លោក​បាន​បញ្ជាក់​ថា ឧទ្យាន​ច្នៃ​ប្រឌិត​វប្បធម៌​កម្ពុជា-ចិន នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ផ្នែក​វប្បធម៌​កម្ពុជា-ចិន​កាន់តែ​រឹងមាំ ជាពិសេស​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ ឲ្យ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​នេះ ចិន​គឺ​ជា​ទីផ្សារ​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា​៕

រូប៖ AKP

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;