ក្រសួង​ការបរទេស​ នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ NGO បរទេស

  • 2019-01-28 04:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស នា​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងការបរទេស។ ​ លោក ប្រាក់​ សុខុន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធីបើក​កិច្ចប្រជុំ​នេះ។ លោក​នឹង​ថ្លែង​សុន្ទរកថា​បើក ដោយ​ផ្តោតទាំងស្រុង​លើ​វត្តមាន និងការ​រួមចំណែក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ក្នុងស្រុក​ នៅក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​កម្ពុជា ព្រមទាំង​សិទ្ធិ​និង​កាតព្វកិច្ច​របស់​ពួកគេ ក្រោមច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

លោក ប្រាក់ សុខុន ថ្លែងនាពេលកន្លងមក
​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​សរុប​ទាំងអស់​ប្រមាណ ៣០០​នាក់។ គួរកត់​សម្គាល់​ថា នេះ​គឺជា​កិច្ចប្រជុំ​លើកទី១ ដែល​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ទស្សនទាន​ដោយ​ស្មោះត្រង់ និង​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស។

លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានថ្លែង​ប្រាប់ [ខ្លីៗ] នា​ព្រឹកថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែលបាន​ចុះបញ្ជី​នៅ​ក្រសួង​ការបរទេស មាន​ចំនួន​សរុប ៣៨៦ គិតត្រឹម​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៨៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;