រកឃើញ​សំបុក​សត្វស្លាប​តំណាង​ជាតិ​ចំនួន​១៦ នៅដែន​ជម្រក​សត្វព្រៃ​លំផាត់ ក្នុងឆ្នាំ​២០១៨

  • 2019-01-28 07:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រដូវ​បន្តពូជ​ឆ្នាំ​២០១៨ សំបុក​សត្វ​ត្រយ៉ងយក្ស​ចំនួន​១៦សំបុក​ ត្រូវបាន​បាន​រកឃើញ​ និង​អង្កេត​តាមដាន​នៅដែន​ជម្រក​សត្វព្រៃ​លំផាត់។ ក្នុងនោះ​សំបុក​ចំនួន២ ត្រូវបាន​បរាជ័យ​ដោយសារ​ការ​រំខាន​របស់​មនុស្ស និង​ត្រូវបាន​សត្វ​បោះបង់​ចោល​ដោយ​មិនដឹង​មូលហេតុ។ ដោយឡែក​កូនចំនួន ១៩ក្បាល​ត្រូវធំ​លូត​លាស់​ពី​សំបុក​ចំនួន​១៣ទៀត​ដែលនៅ​សល់។ នេះបើតាម​ការ​ចុះផ្សាយ​របស់​អង្គការ BirdLife International Cambodia Programme កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ​២០១៩។

សំបុកសត្វត្រយ៉ងយក្ស (រូបថត៖ អង្គការ BirdLife International Cambodia Programme)
អង្គការ​នេះ​បញ្ជាក់​ថា បើ​ប្រៀបធៀប​ជាមួយ​លទ្ធផល​នៃការ​រកឃើញ​សំបុក​សត្វនេះ ក្នុងឆ្នាំ​២០១៦ គឺ​កើនឡើង​៦០០% និងកើនឡើង ១៧៨% បើប្រៀបធៀបនឹង​ការរកឃើញ​ក្នុងឆ្នាំ​២០១៧។ «នេះគឺជា​កំណត់ត្រាថ្មី​នៃ​ចំនួន​សំបុក​អតិបរមា​នៅ​តំបន់​ទេសភាព​នេះ តែទោះជា​យ៉ាងណា​យើងមិន​អាច​សន្និដ្ឋាន​ថា​ចំនួន​បក្សីជាតិ​នេះ មាន​ការកើនឡើង​នោះទេ»។

អង្គការ​ដដែលនេះ បាន​លើកឡើងថា មាន​កត្តា​ជាច្រើន ដែល​ដែនជម្រក​សត្វព្រៃ​នេះ​កំពុង​ប្រឈម (ដូចជា​ការ​បាត់បង់​ទី​ជម្រក​ជាដើម) ក៏​ប៉ុន្តែ​តម្លៃ​ជីវចម្រុះ​នៃ​តំបន់​ទេសភាព​នេះ នៅតែមាន​សក្តានុពល​ខ្ពស់។

ត្រយ៉ង​យក្ស ជា​សត្វស្លាប​តំណាងឲ្យ​ប្រទេស​កម្ពុជា ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុតពូជ​បំផុត​នៅលើ​សកល​លោក។ ពួកវា​មាន​រស់នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ ប៉ុណ្ណោះ ក្នុង​នោះ ៩៩% គឺមាន​វត្តមាន​នៅ​កម្ពុជា។

សូមរំលឹក​ថា កាលពីចុងឆ្នាំ​២០១៨​កន្លងទៅ ក្រុម​សិក្សា​ស្រាវជ្រាវ​ជីវ​ចម្រុះ​ នៅ​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង​ និង​សៀមប៉ាង​ខាងលិច ក៏​បាន​រកឃើញ​ផងដែរ​នូវ​សំបុក​ត្រយ៉ង​យក្ស​ចំនួន​១៦ (ក្នុងនោះ ១២​សំបុក ញាស់បាន​កូន ១៧ក្បាល​ដោយ​ជោគជ័យ) និង​សំបុក​សត្វត្មាត​ចំនួន ១១​សំបុក (៩សំបុក​ត្មាតត្នោត និង២​សំបុក​ត្មាតភ្លើង)៕

ចុចអាន៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;