សំ ថារ័ត្ន បង្ហើប​ពី​ជោគជ័យ​​ជុំវិញ​ការ​ដាក់​បញ្ចាំង​រឿង "Surviving Bokator"

  • 2019-01-28 07:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​សម្ដែង​និង​ជា​កីឡាការនី​ក្បាច់​កុន​ល្បុក្កតោ អ៊ុំ សំ​ថារ័ត្ន ទើប​តែ​ត្រលប់​មក​មាតុ​ប្រទេស​វិញ​បន្ទាប់​ពី​ចំណាយ​ពេល​ដល់​ទៅ​ជាង​៣​ខែ​ នៅ​អាមេរិក​និង​កាណាដា​ ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ​ "Surviving Bokator"។

ក្នុង​រយៈ​ពេល​នោះ​ ថា​រ័ត្ន​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ជា​ច្រើន​​នៅ​សហរដ្ឋ​អាមេរិក​ ដូច​ជា​ទីក្រុង Austin, Dallas, Houston រដ្ឋ​តិច​សាស់​ ទីក្រុង Washionton DC. ទីក្រុង Philadephia រដ្ឋ​ Pensylvania ជា​ដើម ក្រោយ​មក​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ផ្សេងៗ​នៅ​ប្រទេស​កាណាដា​ដូច​ជា Montreal, Ottawa, Ontario ជា​ដើម​ទើប​ត្រលប់​មក​កាន់​ទីក្រុង​ New York និង​រដ្ឋ​ Utah រួច​ត្រលប់​មក​ Houston វិញ​រហូត​ដល់​ចំណត​ចុង​ក្រោយ​គឺ Long Beach និង Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា។ ពេល​នេះ​ក្រុម​ការងារ​ ក៏​កំពុង​តែ​ស្វែង​រក​ Sponsor សម្រាប់​ការ​ត្រលប់​ទៅ​ចាក់​បញ្ចាំង​ម្ដង​ទៀត​នៅ​អាមេរិក​ អំឡុង​ពេល​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផង​ដែរ។

ក្នុង​ដំណើរ​ផ្សព្វផ្សាយ​ភាពយន្ត​នេះ ថារ័ត្ន បញ្ជាក់​ថា​ខ្លួន​ពិត​ជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​ទទួល​បាន​ការ​គាំទ្រ​ ពី​សំណាក់​បងប្អូន​ខ្មែរ​នៅ​ទី​នោះ​ខ្លាំង​នឹក​ស្មាន​មិន​ដល់។ "ហ្នឹង​ហើយ​បង​​មិន​ត្រឹម​តែ​ទទួល​បាន​ការ​គាំទ្រ​ជាមួយ​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​ប៉ុណ្ណោះ​ទេ ក៏​មាន​ចៃ​ដន្យ​ល្អ​ជា​ច្រើន​បាន​កើត​នៅ​កំឡុង​ពេល​នោះ​ផង​ដែរ។ ខ្ញុំ​បាន​ជួប​ជាមួយ​បណ្ដា​តារា​ YouTubers និង​តារា​ចម្រៀង​ដូច​ជា Hella Chluy និង Badassvon ជា​ដើម ពិសេស​បំផុត​នោះ​គឺ​បាន​ជួប​ជាមួយ​កំពូល​តារា​ប្រដាល់ Manny Pacquiao តែ​ម្ដង"។ នេះ​បើ​តាម​ ថារ័ត្ន​ រៀប​រាប់​ប្រាប់​ Sabay។

គិត​មក​ត្រឹម​ពេល​នេះ​ ក្រៅ​ពី​អាជីព​ជា​កីឡា​ប្រដាល់​ល្បុក្កតោ តារា​ស្រី​ជើង​ខ្លាំង​រូប​នេះ​បាន​ប្រឡូក​ក្នុង​វិស័យ​កុន​ ដោយ​បាន​សម្ដែង​ក្នុង​រឿង​ធំៗ​ដល់​ទៅ​៨​រឿង​រួច​មក​ហើយ​ ក្នុង​នោះ​មាន​រឿង​២​មាន​លក្ខណៈ​ធំ​ខ្លាំង​ដោយ​ដាក់​បញ្ចូល​ក្នុង​ Netflix គឺ "Jailbreak” និង​ "First They Killed My Father”។ ជុំវិញ​វិស័យ​សម្ដែង​ ថារ័ត្ន​ និយាយ​ថា​ខ្លួន​ស្រលាញ់​វិស័យ​សម្ដែង​មិន​ចាញ់​វិស័យ​កីឡា​នោះ​ទេ ហើយ​នឹង​សង្ឃឹម​ថា​មាន​ឱកាស​សម្ដែង​ក្នុង​រឿង​ថ្មីៗ​ខ្នាត​ធំ​ជា​បន្ត​បន្ទាប់៕


ប្រភព៖ Sabay News អត្ថបទ៖ ធារ៉ូ