ឡាវ កំពុង​ជំរុញ​ការ​ផ្តល់​សេវា​ដើម្បី​ផ្គាប់ចិត្ត​អ្នក​ទេសចរ​ចិន

  • 2019-01-28 08:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ក្នុង​ប្រទេស​ឡាវ ត្រូវ​បាន​ជំរុញ​ឱ្យ​ផ្តល់​សេវា​កាន់​តែ​សមរម្យ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ចិន ខណៈ​ដែល​ឡាវ​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវចិន​ប្រមាណ ១លាន​នាក់ ក្នុង​ចំណោម​ភ្ញៀវ​សរុប ៥លាន​នាក់ នៅឆ្នាំ​២០១៩។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ Vientiane Times នៅថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩។

លោក Daovone Phachanthavong អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឡាវ បាន​និយាយ​ថា សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារ​ទេសចរណ៍ គួរ​តែព្យាយាម​ផ្តល់​សេវា​ក្នុងតម្លៃ​មួយដែល​អាចឆ្លើយតប​ទៅនឹង​ការ​រំពឹង​របស់​ភ្ញៀវ​ទេសចរ​ចិន។

លោកលើកឡើង​ថា៖ «ប្រជាជន​ចិន ចូលចិត្ត​ដើរផ្សារ​ទិញ​ទំនិញ​ក្នុង​ប្រទេស​ឡាវ ប៉ុន្តែ​ក្រុមហ៊ុន​ក្នុងស្រុក បែរ​ជា​ខំប្រឹង​ផ្តល់ឱ្យពួក​គេនូវ​អាហារ និង​ទំនិញ​ដែល​ក្រុមហ៊ុន​ទាំងនោះ​ពេញ​ចិត្តខ្លួន​ឯង​ទៅវិញ»។

លោកDaovone បន្ថែម​ថា ការប្រើប្រាស់​ភាសាចិន​ ការយល់ដឹង​ពី​អាហារ និង​របៀប​របប​របស់​ចិន នឹង​ជួយ​ឱ្យក្រុមហ៊ុន​ផ្តល់​សេវា បង្កើន​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ។ សញ្ញា​សម្គាល់ និង​ខិត្តបណ្ណ​ជា​ភាសាចិន ក៏គួរតែ​ត្រូវបាន​ដាក់​ផងដែរ នៅ​តាម​ទីកន្លែង​ទេសចរណ៍។

សូម​រំលឹក​ថា កាលពីឆ្នាំ​២០១៨ ឡាវ​ទទួល​បាន​អ្នកទេសចរ​ចិន ប្រមាណ​ជាង ៨០ម៉ឺន​នាក់ ក្នុង​ចំណោម​ភ្ញៀវសរុប ៤,១លាននាក់ ដែលបាន​កើនឡើង ២៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧។ នេះបើ​តាម​ទិន្នន័យ​របស់​ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ។

កាលពី​ថ្ងៃទី២៥ ខែ​មករា ឆ្នាំ​២០១៩​កន្លងទៅ ឡាវ និង​ចិន បាន​បើកជា​ផ្លូវការ​នូវព្រឹត្តិការណ៍​ទេសចរណ៍ "Visit Laos-China Year 2019" នៅ​សាលវប្បធម៌​ជាតិ​ក្នុងក្រុង​វៀងចន្ទន៍ ក្នុងក្តី​សង្ឃឹម​ថា ប្រទេស​ទាំង២ នឹងកាន់​តែ​ក្លាយជា​គោលដៅ​ទេសចរណ៍​ជាទី​ជាប់ចិត្ត៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;