រដ្ឋមន្រ្តី​ការបរទេស អំពាវនាវ​ឱ្យ NGO បរទេស​ ជៀសវាង​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម និង​អាវុធ​ប្រល័យ​លោក

  • 2019-01-29 03:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ជៀសវាង​ជា​ដាច់​ខាតនូវ សកម្មភាព​ទាំងឡាយ​ណា​ដែលអាច​ជាប់​ពាក់ព័ន្ធ ឬ​គាំទ្រ​ដល់​ការ​លាង​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​អាវុធ​មហា​ប្រល័យ ដែល​បាន​កំណត់ឡើង​ដោយ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការ​សម្អាត​ប្រាក់ ដើម្បី​ជៀសផុត​ពីការ​ធ្លាក់ចូល​ទៅក្នុង​បញ្ជី​ប្រផេះ​របស់​ស្ថាប័ន​នេះ និងកុំឲ្យមាន​ជាបច្ច័យ​អវិជ្ជមាន​ដល់​កម្ពុជា​ លើផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ លំហូរ​វិនិយោគ និង​នយោបាយ​ជាដើម។

ការ​អំពាវនាវ​ខាងលើ​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ការបរទេស នាព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩។

លោក ប្រាក់ សុខុន អញ្ជើញ​ធ្វើជាអធិបតី​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស នាព្រឹកថ្ងៃទី២៩មករា ២០១៩
លោក​បាន​ស្នើ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងអស់ ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​​របស់​ខ្លួន​ តាម​ប្រព័ន្ធ​ធនាគារ​ដែល​ស្របច្បាប់ និង​មាន​អាជ្ញាប័ណ្ណ​ផ្លូវការ​ចេញដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ស្នើ​ឱ្យ​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ ស្របតាម​ក្របខណ្ឌ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជាធរមាន។

ចំពោះ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ លោក ប្រាក់ សុខុន រំពឹង​ថា នឹង​រួម​ចំណែក​លើក​កម្ពស់ និង​​​​​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ឱ្យ​បាន​កាន់តែល្អ​ប្រសើរ​ថែមទៀត ដើម្បី​បម្រើ និង​ការពារ​នូវ​ឧត្តម​ប្រយោជន៍ជាតិ និង​ប្រជាជន​កម្ពុជា​យ៉ាងពិត​ប្រាកដ។ «វេទិកា​នេះ ក៏​នឹង​ផ្តល់ឱកាស ឲ្យយើង​រួមគ្នា​កំណត់​នូវ​បញ្ហា​ប្រឈម​នានា និងស្វែងរក​ដំណោះស្រាយ​សមស្រប ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ និង​បទបញ្ញត្តិ​ជា​ធរមាន ​ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព​សក្តិសម​ជា​នីតិរដ្ឋ»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;