នាយ ឆ្អឹង ត្អូញត្អែរ​ថា​ជិត​ដាច់ខ្យល់ ពេល​បាត់​កម្មវិធី​ទូរទស្សន៍

  • 2019-01-29 03:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ ​ឆ្អឹង ​តារា​កំប្លែង​យូរ​ឆ្នាំ​មក​ហើយ បាន​ត្អូញ​ត្អែរ​ត្រង់​ៗ​ថា​ខ្លួន​ កាន់​តែ​យ៉ាប់​រក​ចំណូល​ ក្រោយ​ទូរទស្សន៍​ជា​ច្រើន​បាន​កែ​ប្រែ​កម្មវិធី ​ធ្វើ​ឲ្យ​ក្រុម​កំប្លែង​ជា​ច្រើន​បាត់​ទី​ផ្សារ​​មួយ​ភាគ​ធំ​ពី​វិស័យ​នេះ។

លោក​ប្រាប់​ថា ការងារ​សិល្បៈ​មួយ​រយៈ​នេះ​ខ្សោយ​ទៅ​ៗ រក​ចំណូល​បាន​តិច​បំផុត មួយ​ខែ​ជួន​កាល​បាន​ឡើង​ប៉ុស្ត៍​ទូរទស្សន៍​ ២​ដង​ប៉ុណ្ណោះ។ នាយ ឆ្អឺង​ ថា​ការងារ​សិល្បៈ​ខ្លួន​កាន់​តែ​ស្ងាត់​ហៅ​លែង​លឺ ​ក្រោយ​ពេល​ មេ​ក្រុម​ នាយ​វីតាមីន​សេ បាន​ស្លាប់ ពេល​នោះ​សមាជិក​ក្រុម​តែលតោល​តែ​ម្ដង។​

​លោក​បញ្ជាក់​ថា លោក​ចង់​ចូល​រួម​លេង​កំប្លែង​ជា​ក្រុម​ជាមួយ​ក្រុម​ផ្សេង​ដែរ តែ​ឃើញ​ក្រុម​ផ្សេង​ សុទ្ធ​តែ​​ពិបាក​អត់​មាន​កម្មវិធី​ត្រូវ​សម្ដែង​ដូច​គ្នា ​ទើប​លោក​មិន​ដឹង​ថា​ត្រូវ​ដើរ​ទៅ​​ផ្លូវ​ណា។ ដូច​ជា​ តារា​កំប្លែង​យូរ​ឆ្នាំ ​នាយ​ កុយ ងាក​ទៅ​សម្ដែង​ល្ខោន​បាសាក់ រី​ឯ​នាយ​ក្រឹម ​ក៏​មិន​សូវ​បាន​ឡើង​ប៉ុស្តិ៍​ច្រើន​ដូច​គ្នា ​ដោយ​សារ​កម្មវិធី​កំប្លែង​មិន​សូវ​មាន​ទៀត។

នាយ ​ឆ្អឹង និយាយ​ថា ពេល​នេះ ​ខ្លួន​បាន​ចំណូល​ពី​ការ​កាត់​សក់​តាម​រោង​ការ ពិធីករ​កាត់​នំ និង​សម្ដែង​អម​ៗ​គេ​ក្នុង MV ​ជា​ដើម។

ដោយ​សារ​តែ​ជួប​ការ​លំបាក​បែប​នេះ ​លោក​ចង់​សំណូម​ពរ​ឲ្យ​សមាគម​សិល្បៈ និង​ទូរទស្សន៍​ទាំង​អស់ ​ជួយ​គិត​គូ​ឡើង​វិញ​ពី​ការ​កែ​ប្រែ​កម្មវិធី ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចំណូល​សិល្បករ​យ៉ាង​ខ្លាំង។ ​ម្យ៉ាង​ទៀត លោក​សង្ឃឹម​ថា ​ខាង​សមាគម​សិល្បៈ​នឹង​ជួយ​ផ្ដល់​ការងារ​ដល់​សិល្បករ​ដែល​មិន​សូវ​មាន​ការងារ​ធ្វើ សិល្បករ​ចាស់​ៗ​​ឲ្យ​បាន​រក​ចំណូល​ និង​មាន​​ឱកាស​បាន​ឡើង​ស្ថានីយ៍​ទូរទស្សន៍​ដូច​សិល្បករ​ក្មេង​ៗ​ផង៕

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី
;