រាជ​រដ្ឋាភិបាល សម្រេច​កែ​សម្រួល​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ថ្នាក់ក្រុង ស្រុក​ចំនួន ៧​ចំណុច

  • 2019-01-29 06:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឯកភាព​លើ​សំណើ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ក្នុងការ​កែ​សម្រួល​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​នៅថ្នាក់​ក្រុង ស្រុក ចំនួន​៧​ចំណុច។

ក្នុង​លិខិត​ស្នើសុំ​របស់​សម្តេច ស ខេង ចុះ​កាលពី​ថ្ងៃទី១៥ ខែ​មករា ឆ្នាំ​២០១៩ និង​ត្រូវបាន​សម្តេច ហ៊ុន សែន ឯកភាព​កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ បាន​បង្ហាញ​ពី​ចំណុច​ទាំង៧ ដូច​ខាងក្រោម៖

ទី១. លុបចោល​ការិយាល័យ​ជំនាញ​របស់​ក្រសួង ស្ថាប័ន​នៅថ្នាក់​ក្រុង ស្រុក ដោយ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ជំនាញ​ទាំងនេះ​ទៅក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក។

ទី២. ក្នុងការ​ធ្វើ​សមាហរណកម្ម​ការិយាល័យ​ជំនាញ​នេះ រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​របស់​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បង្កើត​ជា​អង្គភាព ឬ​ការិយាល័យ​ចង្កោម​វិស័យ​សម្រាប់​វិស័យ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ចង្កោម​វិស័យ​សេដ្ឋកិច្ច និង​ចង្កោម​វិស័យ​សង្គមកិច្ច ដើម្បី​ធានា​ដល់ការ​កាត់​បន្ថយ​បន្ទុក​ចំណាយ និង​ពង្រឹង​រចនាសម្ព័ន្ធ​ស្ថាប័ន លើកលែង​តែ​វិស័យ​ជា​អាទិភាព​សំខាន់ៗ​មួយចំនួន ដូចជា អប់រំ សុខាភិបាល និង​នគរូបនីយកម្ម ដែល​ចាំបាច់​ត្រូវ​បង្កើត​ជា​អង្គភាព​ដាច់ដោយ​ឡែកៗ​ពីគ្នា។

ទី៣. ការ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មីនេះ ត្រូវមាន​ភាព​ខុសគ្នា​រវាង​រដ្ឋបាល​ក្រុង ដែល​ជា​តំបន់​ទីប្រជុំជន និង​រដ្ឋបាល​ស្រុក​ដែល​ជា​តំបន់​ជនបទ។ ដោយឡែក​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ស្រុក​នីមួយៗ ក៏​ចាំបាច់​ត្រូវ​រៀបចំ​ផ្អែក​លើ​វិសាលភាព និង​សក្តានុពល​ជាក់ស្តែង​របស់​រដ្ឋបាល​នីមួយៗ។

ទី៤. ផ្ទេរ​មុខងារ​ទាំងស្រុង ដែល​កំពុង​អនុវត្ត​ដោយ​ការិយាល័យ​ជំនាញ​នានា របស់​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់ក្រុង ស្រុក នាពេល​បច្ចុប្បន្ន និង​មុខងារ​តាម​វិស័យ​ជាក់លាក់​សមស្រប​ផ្សេងទៀត​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក។ ទី៥. ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ ទ្រព្យ​សម្បត្តិ ដែល​កំពុង​ប្រើប្រាស់​សម្រាប់​ការិយាល័យ​ជំនាញ​នៅថ្នាក់​ក្រុង ស្រុក និង​ធនធាន​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​ចាំបាច់​ផ្សេងទៀត​របស់​ក្រសួង ស្ថាប័ន​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក។

ទី៦. ផ្ទេរ​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅតាម​ការិយាល័យ​ជំនាញ នៅថ្នាក់​ក្រុង ស្រុក និង​បុគ្គលិក​ចាំបាច់​ផ្សេងទៀត​របស់​ក្រសួង ស្ថាប័ន​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក។

ទី៧. អង្គភាព​មួយ​ចំនួន​ដែល​ត្រូវ​រៀបចំ​ថ្មី​នៅ​ថ្នាក់ក្រុង ស្រុក ត្រូវ​ដំឡើង​ឋានៈ​ឱ្យបាន​សមស្រប​ទៅនឹង​ទំហំ​ការងារ និង​ការ​ទទួល​ខុសត្រូវ​ក្នុង​ការផ្តល់​សេវា​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ជំរុញ​លើក​ទឹកចិត្ត និង​ទាក់ទាញ​មន្ត្រី​ដែលមាន​សមត្ថភាព និងមាន​ជំនាញ​ខ្ពស់​សមស្រប​ស្ម័គ្រចិត្ត ទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ក្រុង ស្រុក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;