កូរ៉េខាងត្បូង បង្ហាញ​យន្តហោះ​ផ្ទុក​សាំង​ទី១ ដែល​ប្រើ​សម្រាប់​ឱ្យ​យន្តហោះ​ចម្បាំង ចាក់​សាំង​លើ​អាកាស

  • 2019-01-30 03:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​អាកាស​កូរ៉េខាងត្បូង នៅថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០១៩ បាន​ធ្វើ​ពិធី​បង្ហាញ​យន្តហោះ KC-330 ដែល​ជាយន្តហោះ​ផ្ទុកសាំង​ទីមួយ​របស់​ខ្លួន ហើយ​គ្រោងដាក់​ឱ្យប្រតិបត្តិការ​នៅឆ្នាំ​២០២០។ នេះ​ជា​យន្តហោះ​មួយ​ក្នុងចំណោម ៤​គ្រឿង ដែល​កូរ៉េខាងត្បូង​បញ្ជាទិញ​ពី​ក្រុមហ៊ុន Airbus។

លោក Jeong Kyeong-doo រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​កូរ៉េ​ខាងត្បូង បាន​ថ្លែង​ក្នុង​ពិធីនេះ​ថា យន្តហោះ​ផ្ទុកសាំង​នេះ នឹង​ពង្រឹង​បន្ថែម​នូវ​សមត្ថភាព​យោធា​របស់​កូរ៉េខាងត្បូង ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​គំរាម​នានា​ពី​គ្រប់​ទិសដៅ​ទាំងអស់ ក្រោម​ស្ថានភាព​សន្តិសុខ​ដែល​មាន​ការ​ប្រែប្រួល​បែប​នេះ។

មេបញ្ជាការ​មួយរូប​ក្នុង​កងទ័ព​អាកាស​កូរ៉េ​ខាងត្បូង លោក Lee Wang-keun បាន​និយាយ​ថា តាមរយៈ​យន្តហោះ​ផ្ទុកសាំង​នេះ យន្តហោះ​ចម្បាំង​ជាច្រើន​ នឹងអាច​ពន្យារ​ប្រតិបត្តិការ​របស់វា​បាន​កាន់តែ​ឆ្ងាយ និង​កាន់តែ​យូរ នៅ​តំបន់​កោះ​ដែលមាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ដូចជា កោះ Dokdo និង Leodoជាដើម។ យន្តហោះ KC-330 ក៏នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុងការ​ការពារ​តំបន់​កំណត់​អត្តសញ្ញាណ​ដែន​អាកាស​របស់​កូរ៉េ​ខាងត្បូង​ផងដែរ។

សូម​ជម្រាប​ថា ក្រុង​សេអ៊ូល បាន​ចុះ​កិច្ចសន្យា​ទិញ​យន្តហោះ KC-330 ចំនួន​៤គ្រឿង​ជាមួយ​ក្រុមហ៊ុន Airbus កាលពី​ឆ្នាំ​២០១៥។ យន្តហោះ​ទី១​ខាងលើ​នេះ ត្រូវ​បាន​បញ្ជូន​ទៅដល់​កូរ៉េ​ខាងត្បូង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ ដោយឡែក​យន្តហោះ​ទី២ នឹង​ត្រូវ​បញ្ជូន​ទៅដល់​ក្នុងខែ​មេសា, ទី៣ ក្នុងខែ​សីហា និង​ទី៤ចុងក្រោយ នៅ​ធ្នូ ដែល​យន្តហោះ​ទាំង៤គ្រឿងនេះ នឹង​ត្រូវដាក់ចូល​ក្នុងជួរ​កងទ័ព​អាកាស​កូរ៉េខាងត្បូង ចាប់ពីខែ​កក្កដា ឆ្នាំ​២០២០។

យន្តហោះ KC-330 អាចផ្ទុក​សាំង​សម្រាប់​ឱ្យយន្តហោះ​ចម្បាំង F-15K ចាក់​បាន​១០គ្រឿង ឬ​យន្តហោះ KF-16 បាន​ដល់២០​គ្រឿង។ យន្តហោះ​នេះ អាចផ្ទុកមនុស្ស​បាន ៣០០​នាក់ និង​ទំនិញ​ ៤៧​តោន​ផងដែរ៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;