ក្រសួងទេសចរណ៍​ ដាក់​ចេញ​យុទ្ធសាស្ត្រ​ ៤​ចំណុច ជំរុញ​កំណើន​ទេសចរ​ចិន​មក​កម្ពុជា

  • 2019-01-30 06:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន​ ៤​ចំណុច ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ពិសេស​ទេសចរ​ចិន មក​កម្ពុជា ក្នុង​កិច្ច​ពិភាក្សា​មួយ​ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា និង​លោក ឡ ស៊ូកាង រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន នៅ​ទីស្ដីការ​ក្រសួង​ កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩​។

កិច្ច​ពិភាក្សា​មួយ​ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា និង​លោក ឡ ស៊ូកាង រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន នៅ​ទីស្ដីការ​ក្រសួង​ កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩​ (រូបថត៖ ក្រសួងទេសចរណ៍)
ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ស្អាត បៃតង និង​សេវា​ប្រកប​ដោយ​គុណភាព និង​ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ ពិ​សេស​ទេសចរ​ចិន​មក​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត ក្រសួង​ទេសចរណ៍ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត ៤​ចំណុច​៖

១- បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកប​ដោយ​ការ​ច្នៃប្រឌិត និង​នវានុវត្តន៍ តាម​រយៈ​ការ​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​។

២- ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ តាម​រយៈ​យុទ្ធនាការ «សេវា​មួយ ស្តង់ដារ​មួយ» និង «បុគ្គលិក​ម្នាក់ ជំនាញ​មួយ»។

៣- ពង្រឹង​ការ​ឃោសនា​ផ្សព្វផ្សាយ​ទេសចរណ៍​ឲ្យ​កាន់​តែ​ខ្លាំង​តាម​របៀប​​ Traditional Marketing, Digital Marketing, E-Marketing ។

៤- ការ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​តាម​ប្រព័ន្ធ​អនឡាញ​ (Smart Tourism)។

សូម​រំឭក​ថា ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ទីផ្សារ​ទេសចរណ៍​ចិន និង​អនុវត្ត​សៀវភៅ​ស្ដីពី China Ready ដោយ​ផ្តោត​លើ ៤​ចំណុច​សំខាន់ៗ៖ ការ​សម្រួល​ការ​ធ្វើ​ដំណើរ ការ​បញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ទីផ្សារ​ចិន​ដល់​ភាគី​ពាក់ព័ន្ធ ការ​ពង្រឹង​គុណភាព​ឧស្សាហកម្ម​ទេសចរណ៍​តា​មរយៈ​ការ​អនុវត្ត​ប្រព័ន្ធ​បញ្ជាក់​គុណភាព (China Ready Accreditation System) ដល់​សេវាកម្ម​ទេសចរណ៍ និង​យន្តការ​គាំទ្រ​គម្រោង​បង្កើត China Ready Center នៅ​កម្ពុជា​។

ចំនួន​ទេសចរ​អន្តរជាតិ ពិសេស​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​៖

ឆ្នាំ២០១៧ ទេសចរ​អន្តរជាតិ​សរុប​មក​ទស្សនា​កម្ពុជា​មាន ៥,៦​លាន​នាក់ កើន​ឡើង ១១,៨% ក្នុងនោះ​ទេសចរ​ចិន​មាន​ចំនួន​ជាង ១,២​លាន​នាក់ (២១,៦% នៃ​ចំនួន​ទេសចរ​សរុប) កើន​ឡើង ៤៥,៩%។

ឆ្នាំ២០១៨ ទេសចរ​អន្តរជាតិ​សរុប​មក​ទស្សនា​កម្ពុជា​មាន​ប្រមាណ ៦,២​លាន​នាក់ កើន​ឡើង​ប្រមាណ ១១% ក្នុង​នោះ​ទេសចរ​ចិន​មាន​ប្រមាណ ២​លាន​នាក់ (៣០,៦% នៃ​ចំនួន​ទេសចរ​សរុប) កើន​ឡើង ៧០%​។

ទេសចរ​ចិន​មក​កម្ពុជា​ ស្ថិតក្នុង​លំដាប់​លេខ​១ ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ក្នុង​ចំណោម​ទីផ្សារ​ធំ​ៗ​ទាំង​១០​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;