អាមេរិក ព្រម​លក់​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​តម្លៃ ២,១​ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​ជប៉ុន

  • 2019-01-30 09:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការ​បរទេស​អាមេរិក បាន​យល់ព្រម​លក់​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល AEGIS ចំនួន ២​គ្រឿង​របស់​ក្រុមហ៊ុន Lockheed Martin ដែល​មាន​តម្លៃ ២,១​ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩​នេះ។

ប្រព័ន្ធប្រឆាំងមីស៊ីល AEGIS របស់​សហរដ្ឋអាមេរិក ដែលត្រូវបានដំឡើងនៅកោះហាវៃ (រូបថត៖ Mainichi)
ការ​យល់ព្រម​របស់​ក្រសួង​ការ​បរទេស​អាមេរិក គឺ​បន្ទាប់ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​សន្តិសុខ​ការពារ​ជាតិ នៃ​មន្ទីរ​បញ្ចកោណ បាន​ស្នើ​ទៅ​កាន់​សភា​អាមេរិក ដើម្បី​លក់​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល AEGIS នេះ​ កាលពី​ថ្ងៃ​អង្គារ ទី​២៩ ខែ​មករា ឆ្នាំ​២០១៩​។

ប្រព័ន្ធ​បាញ់​ស្ទាក់​មីស៊ីល​សត្រូវ​ AEGIS ដែល​ត្រូវ​ដំឡើង​​នៅ​លើ​ដី ជា​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក។ ជប៉ុន គ្រោង​ដំឡើង​ប្រព័ន្ធ AEGIS នៅ​ខេត្ត​ អាគីតា (Akita) និង​ យ៉ាម៉ាគូជី (Yamaguchi)។

ជុំវិញ​បញ្ហា​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​នេះ រុស្ស៊ី ធ្លាប់​បាន​រិះគន់​ចំពោះ​ការ​ដំឡើង​ប្រព័ន្ធ​នេះ នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​រ៉ូម៉ានី ដោយ​ចាត់​ទុក​ជា​ការ​គំរាមកំហែង​ដល់​ប៉ែក​ម្ខាង​នៃ​រុស្ស៊ី ដែល​ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប។ ជាង​នេះ​ទៅ​ទៀត ចិន​ក៏​បាន​ធ្វើការ​ប្រឆាំង​នឹង​គម្រោង​ដំឡើង​ប្រព័ន្ធ​ដដែល​នេះ​​នៅ​ជប៉ុន ដែល​ត្រូវ​បាន​ប្រកាស​ តាំងពី​ពី​ឆ្នាំ​២០១៧​ផង​ដែរ​។

ជប៉ុន អះអាង​ថា ប្រព័ន្ធ​ប្រឆាំង​មីស៊ីល AEGIS គឺ​ជា​ខែល​ការពារ​របស់​ខ្លួន​ពី​ការ​វាយប្រហារ​មីស៊ីល ពី​កូរ៉េខាងជើង។​ យ៉ាង​ណា​ក៏ដោយ ក្រុង​ព្យុង​យ៉ាង បាន​ផ្អាក​ការ​បាញ់​តេស្ត​សាកល្បង​គ្រាប់​មីស៊ីល​របស់​ខ្លួន ជាង ១​ឆ្នាំ​មក​ហើយ។

តាម​ឯកសារ​ស្ដីពី​ចំណាយ​សម្រាប់​យោធា​ជប៉ុន កាល​ពី​ខែ​ធ្នូ បង្ហាញ​ថា ក្រុង​តូក្យូ​គ្រោង​ចាយ ២៤៣ ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ ជប៉ុន គ្រោង​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន ១៥០​គ្រឿង​ពី​សហរដ្ឋអាមេរិក​ផង​ដែរ​៕

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;