Juventus អស់​ពាន​១ហើយ ក្រោយ​ចាញ់ Atalanta ទក់សាច់​

  • 2019-01-31 01:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់ Juventus បាន​ធ្លាក់​ចេញ​ពី​ពាន​ Coppa Italia ក្នុង​វគ្គ ៨ក្រុម​ចុងក្រោយ​កាលពីយប់មិញនេះ ក្រោយ​ចាញ់​ក្រុម Atalanta ៣-០។

ក្រុម​ម្ចាស់ផ្ទះ បាន​ស៊ុត​បញ្ចូលទី ២គ្រាប់​នៅ​តង់ទី១ ដោយ​កីឡាករ Timothy Castagne និង Duvan Zapata។ ចុង​តង់ទី២ នាទី ៨៦ ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី Zapata បាន​ស៊ុតគ្រាប់​ទី២ របស់​ខ្លួន ដើម្បី​ជួយ​ឲ្យ Atalanta ឡើង​ទៅ​ជួប​ក្រុម Fiorentina នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Ronaldo សោកស្ដាយ ក្រោយ​ចាញ់​ការប្រកួត (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
អ្នកចាត់ការក្រុមសេះបង្កង់ លោក Massimiliano Allegri បាន​ដាក់​​ជម្រើស ១១នាក់​ដំបូងពេញជើង​តែម្ដង នៅ​ក្នុង​ការ​ប្រកួត​នេះ ដោយ​ឲ្យ Cristiano Ronaldo ចាប់​ដៃគូជាមួយ Paulo Dybala នៅ​តំបន់​ប្រយុទ្ធ។ យ៉ាងណាក្ដី ក្រុម​ដែល​មិន​ទាន់​ចាញ់​នៅ​ក្នុង​លីគ​កំពូល​អ៊ីតាលីនេះ បាន​ស៊ុត​ចំ​គោលដៅ​តែម្ដង​គត់ ដែល​ជា​ការ​ស៊ុត​វ៉ូឡេ​របស់​ខ្សែ​បម្រើ​ជើងចាស់ Sami Khedira។

សូមបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Massimiliano Allegri ក្រុម​សេះបង្កង់ បានឈ្នះ​ពាន Coppa Italia ដល់​ទៅ ៤ដង ប៉ុន្តែ​កាលពីយប់មិញ លោក​ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញចេញ​ មិន​ឲ្យ​ឈរ​បញ្ជា​កូនក្រុម​នោះទេ៕

កីឡាករ​ក្រុម Atalanta អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
Ronaldo សោកស្ដាយ ក្រោយ​ចាញ់​ការប្រកួត (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

សូមទស្សនា​វីដេអូ​ហាយឡាយខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;