រដ្ឋបាលពូទីន ឆ្លើយ​តប​នឹង​ការ​ផ្សាយ​រឿង​ដឹក​មាស២០​តោន​ពី​វេណេហ្ស៊ុយអេឡា​ទៅ​រុស្ស៊ី

  • 2019-01-31 03:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌឺមៀ ពូទីន​ បាន​ធ្វើការ​ឆ្លើយ​តប និង​ចាត់​ទុក​របាយការណ៍​ដែល​ចុះ​ផ្សាយ​ថា ​រុស្ស៊ី​បាន​ដឹក​មាស​ ២០តោន​ដែល​មាន​តម្លៃ​ស្មើ​នឹង​ ៨៤០​លាន​ដុល្លារ​អាមេរិក​តាម​យន្តហោះ​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា មក​ទុក​នៅ​ប្រទេស​ខ្លួន គឺ​ជា​ព័ត៌មាន​មិនពិត។​ នេះ​បើ​យោង​តាម​​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​វិមាន​ក្រឹមឡាង លោក Dmitry Peskov ​។

លោក ពូទីន និងលោក Maduro ប្រធានាធិបតីវេណេហ្ស៊ុយអេឡា (រូបថត៖ Sputnik)
បណ្ដាញ​សារព័ត៌មាន​នានា​នៅ​លោក​ខាង​លិច បាន​ចុះផ្សាយ​ថា រុស្ស៊ី​ បាន​យក​យន្តហោះ​ដ៏​ធំ​មួយ​គ្រឿង មក​ដឹក​មាស​ទម្ងន់ ២០​តោន​ពី​វេណេហ្ស៊ុយអេឡា​ទៅ​កាន់​ក្រុង​ម៉ូស្គូ ដោយ​យន្តហោះ​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ប្រទេស​វេណេហ្ស៊ុយអេឡា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩។​ មាស​ទាំង​នោះ​ ត្រូវ​បាន​រាយការណ៍​ថា បាន​យក​ចេញ​ពី​ធនាគារ​ជាតិ នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា​។

របាយការណ៍​បាន​ដក​ស្រង់​ចេញ​ពី​ការ​អះអាង​របស់​លោក Jose Guerra មេធាវី​វេណេហ្ស៊ុយ​អេឡា​មួយ​រូប។ ក៏​ប៉ុន្តែ លោក​មិន​បាន​ផ្ដល់​ភស្តុតាង​បញ្ជាក់ ចំពោះ​វត្តមាន​យន្តហោះ​ប៊ូអ៊ីញ 777 ដែល​លោក​អះអាង​ថា បាន​ចុះចត​នៅ​រដ្ឋធានី Caracas នោះ​ទេ។

ចំណែក​សារព័ត៌មាន Noticias នៅ​វេណេហ្ស៊ុយអេឡា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ បង្ហាញ​ពី​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Nordwind មក​ពី​ក្រុង​មូស្គូ បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​វេណេហ្ស៊ុយអេឡា​។

សារព័ត៌មាន Noticias នៅ​វេណេហ្ស៊ុយអេឡា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ បង្ហាញ​ពី​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Nordwind មក​ពី​ក្រុង​មូស្គូ បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​វេណេហ្ស៊ុយអេឡា​

លោក Simon Zerpa រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​វេណេហ្ស៊ុយអេឡា មិន​បាន​ឆ្លើយ​ជុំវិញ​រឿង​មាស​ទាំងនោះ​ទេ ហើយ​បដិសេធ​ថា មិន​មាន​យន្តហោះ​រុស្ស៊ី ចុះចត​នៅ​ព្រលាន​ដូច​ការ​លើកឡើង​​ខាង​លើ​ទេ នៅ​ពេល​សួរ​ដោយ​សារព័ត៌មាន Bloomberg ​។

អ្នកនាំពាក្យ​របស់​លោក ពូទីន បាន​សង្កត់​ធ្ងន់​ថា រុស្ស៊ី​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ក្នុង​ការ​ចូលរួម​ដោះស្រាយ​វិបត្តិ​នយោបាយ នៅ​វេណេហ្ស៊ុយអេឡា ដោយ​មិន​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង​ប្រទេស​មួយ​នេះ​។

លោក Dmitry Peskov និងលោក ពូទីន (រូបថត៖ Russia Insider)

គួរ​បញ្ជាក់​ថា ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាងត្បូង​នេះ បាន​ធ្លាក់​ក្នុង​វិបត្តិ​ ក្រោយ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក Juan Guaido ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​ស្របច្បាប់។ សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​នៅ​លោក​ខាងលិច បាន​ប្រកាស​ទទួល​ស្គាល់​លោក Guaido។ ផ្ទុយ​ទៅ​វិញ រុស្ស៊ី តួកគី អ៊ីរ៉ង់ និង​ចិន ប្រកាស​គាំទ្រ​លោក​ប្រធានាធិបតី Nicolas Maduro ដែល​បាន​ឡើង​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាណត្តិ​ទី​២​របស់​ខ្លួន កាល​ពី​ដើម​ឆ្នាំ​២០១៩​។

ថ្មីៗនេះ ប្រទេស​អង់គ្លេស​ បាន​បង្កក​មាស​របស់​លោក​ Maduro តម្លៃ ១២០០​លាន​ដុលា្លរ​តាម​សំណើ​របស់​អាមេរិក ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​រដ្ឋាភិបាល​ថ្មី​ ស្របច្បាប់៕

ប្រភព៖ RT | Foxnews ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;