ទូត​នៅ​ថៃ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ប្រុង​ប្រយ័ត្ន និង​ពាក់​ម៉ាស​ការពារ

  • 2019-02-01 01:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ថៃ​ទាំងអស់ មេត្តា​ថែរក្សា​សុខភាព និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ពាក់​ម៉ាស​ការពារ​ប្រភេទ N95 ដោយសារ​បញ្ហា​ខ្យល់​កខ្វក់។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​ ចុះ​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩​។

ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ដោយសារ​ឥទ្ធិពល​ខ្យល់​កខ្វក់​ PM2.5 នៅ​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​ថៃ មាន​ការ​កើន​ឡើង​ជាលំដាប់​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ខ្យល់​កខ្វក់​នៅ​ក្រុង​បាងកក និង​ខេត្ត​ជាច្រើន​ ដូចជា ខេត្ត​សាមុទ្រ​ប្រាកាន ខេត្ត​សមុទ្រ​សាខន ខេត្ត​នន្ទបុរី ខេត្ត​ណា​ខន​ប៉ាធុម​ ជាដើម បាន​ធ្លាក់​ចុះ​ខ្លាំង​ដល់​កម្រិត​គ្រោះថ្នាក់​។

ប្រភព​បន្ត​ថា បញ្ហា​នេះ បង្ក​ដោយ​កម្ទេច​ធូលី​ជាច្រើន​ដែល​គេ​ស្គាល់​ឈ្មោះថា PM2.5 មាន​ភាគ​ល្អិត​នៃ​ធូលី​មាន​ទំហំ​តូច​ជាង ២,៥ មីក្រូម៉ែត្រ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​គ្រោះថ្នាក់​បំផុត​ដោយសារ​ទំហំ​ដ៏​តូច​របស់​វា អាច​ចូល​ជ្រៅ​ទៅ​ក្នុង​សួត​ និង​ប៉ះពាល់​សរីរាង្គ​ផ្សេង​ទៀត​។

ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បន្ថែម​ថា ទាក់​ទង​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​ប្រទេស​ថៃ បាន​ប្រកាស​ឲ្យ​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន បិទ​ដំណើរការ​ជា​បណ្ដោះអាសន្ន ​ក្នុង​គោល​បំណង​ការពារ​សុវត្ថិភាព​សុខភាព​របស់​សិស្ស​និស្សិត​ទាំងអស់​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;