កម្ពុជា ទទួលបាន​ថវិកា ១៧លាន​ដុល្លារ​ពី​អាមេរិក លើ​គម្រោង​អភិវឌ្ឍន៍​វារី​វប្បកម្ម​ក្នុងខេត្ត​ចំនួន​៦

  • 2019-02-01 02:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​រយៈគម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តភាព​ពាណិជ្ជកម្ម (CAST) ប្រទេស​កម្ពុជា ទទួល​បាន​ការគាំទ្រ​នូវ​ថវិកា​ចំនួន​ជាង ១៧លានដុល្លារ​ពីរដ្ឋាភិបាលអាមេរិក ដើម្បី​បង្កើន និង​អភិវឌ្ឍ​វារីវប្បកម្ម​ទឹកសាប​នៅ​កម្ពុជា នៅក្នុង​ខេត្ត​ចំនួន​៦​រួមមាន៖ ខេត្ត​កណ្តាល កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និង​កំពង់ចាម។

សូម​ជម្រាប​ថា ពិធី​ប្រកាស​បើក​គម្រោង​ CAST នេះ​ ធ្វើឡើង​កាលពី​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​អធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក Michael Newbill តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា និងមាន​ការ​អញ្ជើញ​ចូលរួម​ដោយ​លោកស្រី Megan Francic តំណាង​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក លោក Jim Hershey នាយក​គម្រោង CAST នៅ​កម្ពុជា តំណាង​អង្គការ សង្គម​ស៊ីវិល និង​ថ្នាក់​ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សរុប​ប្រមាណ ៧០​នាក់។

លោក វេង សាខុន និងលោក Michael Newbill ក្នុងពិធីប្រកាស​បើកគម្រោង CAST កាលពីថ្ងៃទី៣១ មករា ២០១៩
ក្រសួង​កសិកម្ម បាន​ឱ្យដឹងថា គម្រោង​នេះ ត្រូវបាន​ផ្តល់​ឥណទាន​ដោយ​ផ្ទាល់ពី​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក សម្រាប់​ដំណើរការ​កម្មវិធី ស្រប​ទៅនឹង​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ គម្រោង​នេះ នឹង​ជួយ​ជំរុញ​ដល់​កំណើន​កូន​ត្រីពូជ និង​ចំណី ព្រមទាំង​ពង្រឹង​គ្រប់​ទំនាក់​ទំនង​ក្នុងខ្សែ​ច្រវាក់​តម្លៃ ពី​កន្លែង​បង្កាត់​ភ្ញាស់​ទៅអ្នក​ផលិត អ្នក​ទិញ និងអ្នក​ចែកចាយ។

ក្រសួង​បញ្ជាក់​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពីការ​កើនឡើង​នូវ​ទំនុកចិត្ត និងឈាន​ទៅទទួល​បាន​នូវ​ផលត្រី​ដែលមាន​គុណភាព​ខ្ពស់ និង​ស្តង់ដារ​សមរម្យ។ លើសពី​នេះ គម្រោង​ CAST នឹងជួយ​សេដ្ឋកិច្ច​ជាតិ​កម្ពុជា តាមរយៈ​ការ​នាំចេញ​ផលត្រី​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ប្រកបដោយ​គុណភាព។

ថ្លែង​ក្នុងពិធីនេះ លោក Michael Newbill បាន​បញ្ជាក់​ថា គម្រោង (CAST) ជាគម្រោង​ដ៏សារៈសំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​អនុវិស័យ​ជលផល​នៅ​កម្ពុជា ជាពិសេស​លើការ​អភិវឌ្ឍ​បច្ចេកទេស និង​បច្ចេកវិទ្យា​វារី​វប្បកម្ម ដើម្បី​ធានា​នូវនិរន្តភាព​ផលិតផល​ជលផល​នៅ​កម្ពុជា និង​បង្កើន​នូវ​គុណភាព និង​ស្តង់ដារ​ផលិតផល​ត្រី។ លើសពី​នេះ គម្រោង CAST ក៏នឹង​ជួយដល់​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ផងដែរ។

លោក Michael Newbill ថ្លែងក្នុងពិធីប្រកាស​បើកគម្រោង CAST

ជាមួយគ្នានេះ ​លោក​រដ្ឋមន្រ្តី វេង សាខុន បាន​លើកឡើង​ថា តាមរយៈ​គម្រោងនេះ បាន​បង្ហាញ​ពីជំហរ របស់​សហរដ្ឋអាមេរិក​ក្នុងការ​គាំទ្រ​ដល់​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​បាន​បញ្ជាក់​បន្ថែម​ថា វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា​ កំពុង​ផ្តល់នូវ​សញ្ញា​នៃការ​រីក​ចម្រើន​គួរឱ្យកត់​សម្គាល់។ ដោយឡែក​វិស័យ​នេះ ក៏មាន​ការប្រឈម​ជាច្រើន​ដូចជា គុណភាព​កូនត្រីពូជ​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ កង្វះ​ខាត​នូវការ​ទទួលបាន​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មីៗ តម្រូវការ​អនាម័យ និង​ស្តង់ដារ​ភូតគាម​អនាម័យ និង​ស្ថានភាព​ទីផ្សារ​ដែល​ភ្ជាប់​រវាង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​ក៏នៅមាន​កម្រិត។

លោក វេង សាខុន ថ្លែងក្នុងពិធីប្រកាស​បើកគម្រោង CAST

​គម្រោង CAST Cambodia នេះ​ពិត​ជាចាំបាច់ និង​ឆ្លើយតប​ទាន់ពេលវេលា ដើម្បី​សម្រេច​បាន​តាម​គោលដៅ​នៃ​ការ​សម្របសម្រួល​ផ្គត់ផ្គង់​ត្រី​បាន​ទាំង​បរិមាណ មាន​គុណភាព​ខ្ពស់ និង​តម្លៃ​ល្អប្រសើរ​នៅប្រទេសកម្ពុជា ក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម។ នេះជាការលើកឡើង​បន្ថែម​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;