អាជ្ញាធរ​ខេត្ត​កំពត ​ចង់​ឱ្យ​មាន​ទំនប់​ស្ទាក់​ទឹកដែល​ហូរចុះ​ពី​ភ្នំ​កំចាយ

  • 2019-02-07 08:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ខេត្ត​កំពត ចង់ឱ្យ​មាន​ទំនប់​ស្ទាក់​ទឹក​ ដែល​ហូរចុះ​ពី​អាង​វារី​អគ្គិសនី​កំចាយ ដើម្បី​រក្សា​ទុក​ប្រើប្រាស់​ពេញមួយ​ឆ្នាំៗ។ រដ្ឋបាល​ខេត្ត​ នឹង​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​ជំនាញ​ក្នុងការ​បង្កើត​សមិទ្ធផល​ចាំបាច់​នេះ ដើម្បី​គ្រប់គ្រង​ទឹក​ប្រកបដោយ​និរន្តរភាព។ នេះបើតាម​ការចុះផ្សាយ​របស់​ក្រសួងព័ត៌មាន កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០១៩។

ថ្លែងក្នុង​កិច្ច​ប្រជុំ​នៅ​សាលា​ខេត្ត​ស្តីពី​ការ​ត្រៀម​គ្រប់គ្រង និង​ឆ្លើយតប​ហានិភ័យ​ផ្សេងៗ លោក ជាវ តាយ អភិបាលខេត្ត​កំពត​ បាន​មាន​ប្រសសាន៍​ថា មន្ទីរ​ធនធានទឹក​ខេត្ត​ ត្រូវ​កំណត់​គោលដៅ​ឱ្យ​ច្បាស់លាស់ ដើម្បី​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់​បាន​គ្រប់គ្រាន់។

លោក ជាវ តាយ ក្នុងកិច្ចប្រជុំ​ស្តីពី​ការ​ត្រៀម​គ្រប់គ្រង និង​ឆ្លើយតប​ហានិភ័យ​ផ្សេងៗ (រូបថត៖ ក្រសួងព័ត៌មាន)
លោក​ឱ្យដឹងថា សព្វថ្ងៃ នៅខេត្តកំពត​មាន​រោងចក្រ​ចម្រាញ់ទឹ​ក​ស្អាតពីរ ដែល​ទទួលទឹក​ដោយការ​បង្ហូរ​ចុះពី​អាង​ទំនប់​វារី​អគ្គិសនី​កំចាយ ក្នុង​សកម្មភាព​ផលិតអគ្គិ​សនី។ រោងចក្រ​ទាំងពីរ​នេះ អាច​ផលិត​ទឹកស្អាត​បាន ១៣ ៥០០ម៉ែត្រ​ត្រីគុណ​ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​បើក្នុង​អាងទំនប់ ពុំមាន​ទឹកទេ​នោះ ទឹកស្អាត​ដែលបាន​មកពី​ការ​ចម្រាញ់​របស់​រោងចក្រ​ទាំងពីរ​ក៏​គ្មានដែរ។

អភិបាល​ខេត្ត​រូប​នេះ លើកឡើង​ថា៖ «បើក្នុង​មួយថ្ងៃ​ រោងចក្រ​វារី​អគ្គិសនី​ដំណើរការ​បង្ហូរទឹក​ពេញ២៤​ម៉ោង​នោះ នឹងត្រូវ​ប្រើ​ទឹក​អស់ ១៥លានម៉ែត្រ​ត្រីគុណ។ ម្ល៉ោះហើយ​តាម​បរិមាណ​ទឹក​ដែល​មាន​ក្នុងអាង​ទំនប់​ទាំង​ប៉ុន្មាន ​គឺ​បង្ហូរ​ត្រឹម១៨ថ្ងៃ​នឹងត្រូវ​អស់​តែម្តង។ ប៉ុន្តែ សព្វថ្ងៃនេះ​ ក្រុមហ៊ុន​ប្រើតែបីម៉ោង​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ​ដើម្បី​សន្សំសំចៃ​ទឹកទុក»។

លោក ជាវ តាយ បាន​បង្ហាញ​ការ​សោកស្តាយ ដែលសព្វថ្ងៃ​ មិនមាន​ទំនប់​ស្ទាក់ទឹក​ធ្លាក់មក​ពីភ្នំ​កំចាយ ទុក​សម្រាប់​ប្រើប្រាស់​នៅពេល​ជួបភាព​រាំងស្ងួត ព្រោះ​ខ្វះផ្នែក​បច្ចេកទេស ហើយ​ក៏ហួសពី​ដែនសមត្ថកិច្ច​របស់​ខេត្ត​ដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;