លោក ប្រាយុទ្ធ ចូល​ប្រកួត​ជាមួយ​បុត្រី​ច្បង​​ព្រះ​ចៅ​ភូមិបុល ក្នុង​នាម​ជា​បេក្ខភាព​​នាយក​រដ្ឋមន្រ្តី

  • 2019-02-08 03:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 187

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​ថា លោក​នឹង​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី Ubolratana Mahidol Sirivadhana Varnavadi បុត្រី​ច្បង​ព្រះ​ចៅ​ភូមិបុល អាដុល​យ៉ាដេត ​ក្នុងនាម​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នាថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ​២០១៩​ខាងមុខនេះ។

លោក ប្រាយុទ្ធ ចាន់អូចា

លោក​ ប្រាយុទ្ធ បញ្ជាក់​ថា លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្រ្តី សម្រាប់​គណបក្ស​ Phalang Pracharat ដើម្បី​រក្សា​សន្តិភាព និង​សណ្តាប់​ធ្នាប់​ក្នុង​ប្រទេស។ «ការ​សម្រេច​ចិត្ត​នេះ មិន​ងាយស្រួល​ឡើយ ពីព្រោះ​វាជា​រឿង​ដ៏​សំខាន់​របស់​ជាតិ។ បើទោះ​បីខ្ញុំ​ធ្វើជា​ទាហាន​អស់​មួយ​ជីវិត​នេះ​ក៏ដោយ ក៏ខ្ញុំ​នៅតែ​មាន​ឆន្ទៈ​លះបង់​ខ្លួន​ខ្ញុំផ្ទាល់​ដើម្បី​ការពារ​ប្រទេស​ថៃ»។

សូម​បញ្ជាក់​ថា ព្រះ​អង្គម្ចាស់​ក្សត្រី Ubolratana ព្រះជន្ម ៦៧​ព្រះវស្សា បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​សម្រាប់​គណបក្ស​ Thai Raksa Chart ដែល​ជាគណបក្ស​ស្និទ្ធ​នឹង​លោក ថាក់ ស៊ីន និង​លោកស្រី យីងឡាក់។ នេះបើ​តាម​លិខិត​ចុះបញ្ជី​មួយ​ដែល​ត្រូវបាន​គណៈកម្មការ​រៀបចំការ​បោះឆ្នោត​ថៃ ផ្សព្វផ្សាយ​នៅថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ដែល​ជាថ្ងៃចុង​ក្រោយ​នៃ​ការ​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ។

ការ​ចូលរួម​ក្នុងឆាក​នយោបាយ​របស់​ព្រះ​អង្គម្ចាស់​ក្សត្រី Ubolratana នេះ គឺជា​លើកទី១​ហើយ នៃការ​ចូលរួម​របស់​សែរាជវង្ស​ថៃ ចាប់តាំង​ពីប្រទេស​នេះ បាន​ប្រកាន់​យក​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​អស់​រយៈពេល ៨៦ឆ្នាំ​មកនេះ៕

ព្រះ​អង្គ​ម្ចាស់​ក្សត្រី Ubolratana Mahidol Sirivadhana Varnavadi

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សំភី