កម្ពុជា-ឥណ្ឌូណេស៊ី នឹង​តភ្ជាប់​ការ​ហោះហើរ​ត្រង់​ឡើងវិញ ក្រោយ​ខកខាន​ជិត ៥០ឆ្នាំ

  • 2019-02-08 07:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍​បាន​ឱ្យដឹងថា កម្ពុជា-ឥណ្ឌូណេស៊ី បាននឹង​កំពុង​ជំរុញ​ឲ្យមាន​ការ​ហោះហើរ​ត្រង់​ឡើងវិញ បន្ទាប់ពី​ខកខាន​នៃការ​ហោះហើរ​ត្រង់​អស់​ជិត​កន្លះ​សតវត្សរ៍ ពោលគឺ​ចាប់ពី​ក្រោយឆ្នាំ​១៩៧០​មក។ បើតាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ការ​ហោះហើ​រត្រង់នេះ នឹង​ចាប់ផ្ដើម​ឡើង​ក្នុង​ពេលឆាប់ៗ​ខាងមុខ ក្នុងឆ្នាំ​២០១៩​នេះ។

ក្នុង​ជំនួប​រវាង​លោក ថោង ខុន ជាមួយ​លោក ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា ដែលបាន​ដឹកនាំ​ប្រតិភូ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី CITILINK នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ កាលពី​ព្រឹក​ថ្ងៃទី៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ភាគី​ឥណ្ឌូណេស៊ី​បាន​សម្រេច​ថា នឹង​បើក​ឲ្យមាន​ការ​ហោះហើរ​ឡើងវិញ អាចនៅក្នុង​ឆមាស​ទី២ ក្នុងពេល​ដ៏ខ្លី​ខាងមុខ​នេះ។

យន្តហោះរបស់​ក្រុមហ៊ុន CITILINK
លោក ថោង ខុន បានឲ្យដឹង​ថា ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន មានតែ​ឥណ្ឌូណេស៊ី និង​ប្រ៊ុយណេ​ទេ ដែលមិន​ទាន់មាន​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា តែដោយសារ​ការ​ខិតខំ​ចរចា​រវាង​ភាគី​ទាំងពីរ ពិសេស​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង២ ទើប​នាពេល​ខាងមុខ នឹងមាន​ការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌូណេស៊ី មកកាន់​កម្ពុជា​ឡើងវិញ បន្ទាប់ពី​ខកខាន​អស់ជិត​កន្លះ​សតវត្សរ៍ ហើយ​ការ​ហោះហើរ​នេះ គឺ​ជាការ​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​បង្កើន​ការ​តភ្ជាប់​ផ្ទែក្នុង​អាស៊ាន។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា នៅពេល​ដែល​មាន​ការ​ហោះហើរត្រង់​ពី​ឥណ្ឌូណេស៊ី មកកាន់​កម្ពុជា​ឡើងវិញ នោះ​នឹងនាំ​មក​នូវ​ភ្ញៀវទេសចរ​ច្រើន​ឡើង​បន្ថែម​ទៀត ជាពិសេស​ទេសចរ​ឥណ្ឌូណេស៊ី ខណៈដែល​បច្ចុប្បន្ន​ មានត្រឹមតែ​ជាង ៥ម៉ឺននាក់​ក្នុង​មួយឆ្នាំ​តែ​ប៉ុណ្ណោះ។

លោក​ឯកអគ្គរដ្ឋទូត​លើកឡើង​ថា កម្ពុជា-ឥណ្ឌូណេស៊ី ចាំបាច់​ត្រូវមាន​កិច្ច​សហការ​នៅលើ​គ្រប់​វិស័យ ក្នុងនោះ​ក៏មាន​វិស័យ​ទេសចរណ៍​ផងដែរ ដូច្នេះ​ការបើកឲ្យ​មានការ​ហោះហើរត្រង់​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ គឺជា​រឿង​ចាំបាច់៕

លោក ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;