សម្តេច ហ៊ុន សែន៖ ជីវិត​យុវជន​របស់​ខ្ញុំ គ្មាន​ស្គាល់​សេចក្តីសុខ និង​សប្បាយ​ទេ

  • 2019-02-10 03:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ឱ្យដឹងថា ក្នុងជីវិតយុវជន​របស់​សម្តេច គឺគ្មាន​ស្គាល់​អ្វីដែល​ហៅថា សេចក្តីសុខ និង​សប្បាយទេ សូម្បី​តែការ​សិក្សា​ក៏មិន​បាន​ពេញលេញ​ដែរ។ នេះបើ​តាមការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

សម្តេច​នាយករដ្ឋមន្រ្តី បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំបាន​ចូល​ធ្វើ​ទាហាន​តាំងពី​អាយុ១៨ឆ្នាំ ដើម្បី​វាយពួក​ប៉ុលពត ត្រូវ​របួស​ពេញ​ខ្លួន និង​ពិការ​ភ្នែក​ម្ខាង​មកទល់​សព្វថ្ងៃ​ទៀតផង។ យើងឆ្អែត​ហើយ​សង្រ្គាម និងការ​និរាស​ព្រាត់ប្រាស់។ ពេលនេះ​យើង​ជ្រើសរើស “សន្តិភាព” ជា​ធំ​លើសអ្វីៗ​ទាំងអស់ ព្រោះគឺ​ជា​ដង្ហើម​នៃជីវិត»។

ក្នុងការ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​នោះ គឺមាន​រូបថត​របស់​សម្តេច ហ៊ុន សែន និង​យុវជន និង​យុវនារី​ខ្មែរ​ផ្សេងទៀត ក្នុង​សម័យ​សង្គ្រាម ដោយ​សម្តេច​លើកឡើង​ថា ជាសង្គ្រាម​ដែលបាន​កើតឡើង​កន្លងមក​ គឺ​បណ្តាល​មកពី​ការ​អុជអាល ញុះញុង អូសទាញ លាបពណ៌ និង​ជ្រៀតជ្រែក​ពី​បរទេស និងពី​ក្រុម​អគតិ​មួយចំនួន។

ជាមួយ​គ្នានេះ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​អំពាវនាវ​ឱ្យនាំគ្នា​ថែរក្សា និង​ការពារ​សន្តិភាព​ឱ្យ​បាន​រឹងមាំ​ល្អ ដើម្បី​ប្រទេសជាតិ​កាន់តែ​រីកចម្រើន ហើយ​អនាគត​យុវជន​ យុវនារី ក៏កាន់តែ​មាន​ឱកាស​ល្អៗ​ ឆ្ពោះ​ទៅរក​ជីវិត​រុងរឿង​ក្នុង​សម័យ​សន្តិភាព​ផងដែរ៕

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ដែលបង្ហោះនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩

អត្ថបទ៖ សំភី

អត្ថបទថ្មី
;