អាជ្ញាធរ​នឹង​សង់​អាងស្តុកទឹក​ក្រោមដី ស្ថានីយ​បូមទឹក និង​ជីកដាក់​ប្រព័ន្ធ​លូ ក្នុង​រាជធានី​ភ្នំពេញ

  • 2019-02-11 03:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​គម្រោង​សាងសង់​អាងស្តុកទឹក​ក្រោមដី ស្ថានីយ​បូមទឹក និង​ជីកដាក់​ប្រព័ន្ធ​លូ ដើម្បី​ពង្វាង​ទឹកកខ្វក់​ចេញពី​ទន្លេ​បាសាក់​តូច ទៅស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ដើម្បី​កែ​លម្អ​ប្រព័ន្ធ​រំដោះទឹក និង​ប្រព័ន្ធ​ប្រឡាយលូ​នៅក្នុងរាជធានីភ្នំពេញ សំដៅ​កាត់​បន្ថយ​ជំនន់​ទឹកភ្លៀង​ដែលតែងតែ​បង្ក​ឱ្យ​មានការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប៉ះពាល់​បរិស្ថាន។ នេះ​បើតាម​សេចក្តីជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ការដ្ឋានសាងសង់​ស្ថានីយបូមទឹកបឹងត្របែកថ្មី កាលពីឆ្នាំ២០១៨ (រូបតំណាង)
ការ​អនុវត្ត​គម្រោង​ខាងលើ​នេះ ចាប់ផ្តើម​ពី​កុម្ភៈ ឆ្នាំ​២០១៩​តទៅ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​នោះ​រួមមាន៖

១. ជីកដាក់​បណ្តាញ​លូ​មេពង្វាង​ទឹកកខ្វក់​ចេញពី​ទន្លេ​បាសាក់​តូច​ទំហំ​មុខកាត់ ១,២ម៉ែត្រ និង​១,៥ម៉ែត្រ ប្រវែង ២៦៦០ម៉ែត្រ តាម​បណ្តោយ​វិថី​សប៊ិត មហាវិថី​សម្តេច​សុធារស និង​កំណាត់​មហាវិថី​ម៉ៅសេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ​និង​សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន។

២. សាងសង់​អាង​ស្តុកទឹក​ក្រោមដី​ដែលមាន​ចំណុះ ៣០០០ម៉ែត្រ​គូប និង​ស្ថានីយ​បូមទឹក​ដែលមាន​សមត្ថភាព​បូមទឹក​ ៤,៥​ម៉ែត្រ​គូប​ក្នុង១វិនាទី នៅ​សួនច្បារ​ស្ពាន​នាគ​ភ្លោះ​ក្នុងសង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ។

៣. សាងសង់​អាង​ស្តុកទឹក​ក្រោមដី​ចំណុះ​ ១០០ម៉ែត្រ​គូប និង​បំពាក់​ម៉ូទ័រ​ស្វ័យប្រវត្តិ​ដែលមាន​សមត្ថភាព​បូមទឹក ៥០០ម៉ែត្រ​គូប​ក្នុង១ម៉ោង នៅ​ជ្រុង​របង​ខាងកើត​ស្ថានទូត​រុស្ស៊ី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

ដើម្បី​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​គម្រោង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើកការដ្ឋាន​ជីកសាកល្បង​រកមើល​បណ្តាញ​ក្រោមដី​នៅ​ចំណុច​មួយចំនួន​នៅលើ​គន្លង​វិថី​សប៊ិត មហា​វិថី​សម្តេច​សុធារស និង​កំណាត់​ម៉ៅសេទុង ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ជាអតិបរមា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;