ក្រសួង​វប្បធម៌ អំពាវនាវ​ឲ្យ​ប្រើប្រាស់ Valentine's Day ​ស្របតាម​ប្រពៃណី​ខ្មែរ

  • 2019-02-11 03:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ការ​ណែនាំ​ឲ្យ​អាណាព្យាបាល​ មាតា បិតា​គ្រប់រូប​ សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​យុវជន ក្រើន​រំឭក​ដល់​បងប្អូន កូន ចៅ ក្នុង​គោលដៅ​ប្រើប្រាស់​ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤កុម្ភៈ (Valentine's Day) ឲ្យ​ស្រប​តាម​គន្លង​ប្រពៃណី​របស់​ខ្មែរ។

យោង​តាម​សេចក្ដី​អំពាវនាវ​របស់​ក្រសួង​វប្បធម៌ ​បាន​ពន្យល់​ថា ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​កម្ពុជា គួរជា​ឱកាស​ក្នុង​ការ​ចែកចាយ និង​ធានា​នូវ​ក្ដី​ស្រឡាញ់​ប្រកប​ដោយ​ភាព​ទូលំទូលាយ និង​សន្ដាន​ចិត្ត​ស្មោះ​សរ ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​មាន​ជាអាទិ៍៖ ក្រុម​គ្រួសារ ឪពុកម្ដាយ ប្ដី/ប្រពន្ធ កូន ចៅ និង​ចំពោះ​អ្នក​ដែល​នៅ​សង្គម​ជាមួយគ្នា​ ដូចជា​៖ ជន​ពិការ ​កុមារ​កំព្រា និង​អ្នក​ដែល​ខ្សត់​ខ្សោយ​ជាង​ខ្លួន ជាដើម ក្រោម​រូបភាប​ជួប​ជុំ​ពិភាក្សា​គ្នា ឬ​ទទួល​ទាន​អាហារ​រួមគ្នា​ ការ​សរសេរ​លិខិត​ជូនពរ ការ​ជូន​អំណោយ​ផ្សេងៗ ដើម្បី​បញ្ជាក់​ពី​ភាព​កត្តញ្ញូតាធម៌ ពី​ក្ដី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ចំពោះ​អ្នក​មាន​គុណ បុព្វការីជន​ ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ចំពោះ​សង្គម​ជាតិ។

ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​ដោយ​ភាពភ័ន្តច្រឡំ នាំ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ ក្រសួង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន ជាពិសេស​យុវជន​កម្ពុជា ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​ស៊ី​ជម្រៅ​ចំពោះ​វប្បធម៌ ប្រពៃណី ដែល​ជា​មរតក​របស់​ដូនតា ព្រមទាំង​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​គ្រប់ជ្រុង​ជ្រោយ​ ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ​វប្បធម៌​ ទំនៀម​ទម្លាប់​ពី​ខាងក្រៅ ដើម្បី​បន្ស៊ី​ចូល​ទៅ​ក្នុង​ឥរិយាបថ​ និង​បរិបទ​នៃ​សង្គម​របស់​ខ្លួន​៕


អត្ថបទ៖ លាភ.