ក្រសួង​ឧស្សាហកម្ម បញ្ជា​ឱ្យ​សិក្សា​ជា​បន្ទាន់​អំពី​ប្រភព​ទឹកឆៅ​ដែល​ត្រូវ​ផ្គត់ផ្គង់

  • 2019-02-11 04:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅក្នុង​គ្រោះ​រាំងស្ងួត នា​រដូវប្រាំង​ខាងមុខ​នេះ និងបាន​បញ្ជាឱ្យ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម រាជធានី ខេត្ត ទាំងអស់​សិក្សា​ជា​បន្ទាន់ និង​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ​អំពី​ប្រភព​ទឹកឆៅ​ដែល​ត្រូវ​ផ្គត់ផ្គង់ និង​បញ្ហា​ប្រឈម​​នៅពេល​ដែលគ្មាន​ភ្លៀង​នៅក្នុង​រដូវប្រាំង។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក អ៊ុំ សុថា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅក្នុង​សិក្ខា​សាលា​ស្តីពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បទដ្ឋាន​បច្ចេកទេស​អប្បបរមា​សម្រាប់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខ្នាត​តូច នៅ​សណ្ឋាគារ​ភ្នំពេញ នាព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

លោក អ៊ុំ សុថា
លោកបាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «**បើសិន​ជាយើង​ធ្វើការ​ព្យាករ​បើ​អត់ភ្លៀង តើនឹង​ខ្វះ​ប៉ុន្មានម៉ឺន ឬសែន​ម៉ែត្រ​គីប ដើម្បី​ឱ្យ​មន្ទីរ​ទាំងអស់​សិក្សា​នៅក្នុង​ក្របខណ្ឌ​រដ្ឋបាល​ដែនដី​នីមួយៗ។ ហើយជា​ការចាំបាច់​ អភិបាល​ខេត្ត​ដែលជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដឹកនាំ​គ្រប់​វិស័យ​ នឹង​អាច​ជំរុញ ឬក៏​ជួយ​កិច្ចការងារ​នេះ ដោយ​ក្រសួង​បាន​ឱ្យ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ទាំងអស់​ធ្វើជា​សេនាធិការ​ជូន​ក្រសួង​ផង ជូន​អភិបាល​ខេត្ត​ផង ពីព្រោះ​កិច្ចការងារ​នេះ ជា​កិច្ចការ​អន្តរវិស័យ មិនមែនតែ​ក្រសួង​ណាមួយ​ទេ ជា​កិច្ចការ​រួម​ដែលត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើទាំងអស់​គ្នា**។

លោក អ៊ុំ សុថា បាន​បញ្ជាក់​ថា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានព្រាង​លិខិត​សុំការ​គាំទ្រ​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​សុំ​ទទួល​បាន​នូវព័ត៌មាន​ស្តីពី​ប្រភព​ទឹកឆៅ​ទូទាំង​ប្រទេស​ជា​ផែនទី ដើម្បី​យកមក​ធ្វើការ​សិក្សា។ លោកថា កន្លែង​ណា​ដែល​ជួប​បញ្ហា​ប្រឈម​ខ្លាំង ក្រសួង​នឹងមាន​ការ​ធ្វើ​អន្តរាគមន៍ «ប៉ុន្តែ​ការធ្វើ​អន្តរាគមន៍​ពេលខ្លះ​អស់​លទ្ធភាព​មិនដឹង​ធ្វើម៉េច ព្រោះ​ទឹក​ដែល​រីង​ មានតែយក​ទឹកពី​កន្លែង​ផ្សេង​មកទេ មិនអាច​ធ្វើម៉េច​កើតទេ ក្រៅពី​ហ្នឹង»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;