ថៃ-អាមេរិក ចាប់ផ្ដើម​សម​យុទ្ធ​ "ពស់វែក​មាស"

  • 2019-02-11 04:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោធា​ថៃ និង យោធា​សហរដ្ឋអាមេរិក នឹង​ចាប់ផ្ដើម​ធ្វើ​លំហាត់​សម​យុទ្ធ "ពស់​វែក​មាស" ឆ្នាំ​២០១៩​ នៅ​ក្នុង​សប្ដាហ៍​នេះ ដើម្បី​រឹត​ចំណងមិត្តភាព​រវាង​យោធា​ប្រទេស​ទាំងពីរ។ សមយុទ្ធ​នេះ មាន​រយៈពេល ១១​ថ្ងៃ ចាប់ពី​ថ្ងៃអង្គារ ទី​១២ ដល់​​ ២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​ប្រទេស​ថៃ។

នាវាចម្បាំង USS John C Stennis ត្រូវបានបញ្ជូនឲ្យ​ចូលរួម​សមយុទ្ធពស់វែកមាស ឆ្នាំ​២០១៩ (រូប៖ MC2 David Brandenburg, US Navy)
សមយុទ្ធ​ពស់​វែក​មាស​លើក​នេះ ត្រូវ​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ដោយ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​យោធា​ ការ​ជួយ​សង្គ្រោះ ជាដើម។ ភាគី​អាមេរិក បាន​បញ្ជូន​រថក្រោះ នាវា និង​យន្តហោះ​ចម្បាំង ដើម្បី​ចូលរួម​ក្នុង​សម​យុទ្ធ​ឆ្នាំ​២០១៩​នេះ​ផង​ដែរ​។

រថក្រោះ M1A1 ចំនួន ៧​គ្រឿង ដែល​អាមេរិក​ប្រើប្រាស់​នៅ​សមរភូមិមជ្ឈិមបូព៌ា ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ ដែល​គ្រោង​ធ្វើឡើង​នៅ​ខេត្ត​សុខោទ័យ។ ចំពោះ នាវា អាមេរិក​បាន​បញ្ជូន​ប្រភេទ USS John C Stennis, USS Green Bay និង USS Essex ស្រប​ពេល​ដែល យន្តហោះ​ចម្បាំង F35B នឹង​ត្រូវ​បើក​នៅ​លើ​ដែន​អាកាស​របស់​ថៃ អំឡុង​សមយុទ្ធ​ពស់​វែក​មាស​។

នាវា USS Green Bay បាន​ដឹកយោធា​អាមេរិក និង​គ្រឿង​ផ្គត់ផ្គង់​នានា ត្រៀមសមយុទ្ធពស់វែកមាសឆ្នាំ​២០១៩ (រូបថត៖ Royal Thai Armed Forces)

សូម​ជម្រាប​ថា សមយុទ្ធ​ពស់វែក​មាស ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ ដោយ​យោធា​ថៃ និង​អាមេរិក បន្ទាប់ពី​ផ្ដួចផ្ដើម​កាល​ពី​ឆ្នាំ​១៩៨២​៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;