ចិន បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ នៅ​កម្ពុជា

  • 2019-02-11 08:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត​យុន​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ នៅ​រាជធានី​ភ្នំពេញ ​ក្នុង​គោលបំណង​ជំរុញ ​និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទេសចរណ៍​ និង​វប្បធម៌​រវាង​ប្រទេស​ និង​ប្រជាជន​ទាំងពីរ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​គាំទ្រ​ដោយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​នេះ ​មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី​១១​ នៃ​អគារ​វាន់​ដា​មហាវិថី​កម្ពុជា​ក្រោម​រាជធានី​ភ្នំពេញ​។ ​នៅ​ខេត្ត​យុន​ណាន​ ក៏​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តំណាង​កម្ពុជា​ផង​ដែរ​។​ ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ ផ្តួចផ្តើម​ឡើង​ដោយ​អភិបាល​ខេត្ត​យុន​ណាន​ លោក​Qi Chengfa​ និង​លោក​ ប៉ាន ​សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ឆាវ​ អ៊ី​ន​ទ័​រ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ខ្មែរ​គ្រុប​បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​បើក​សាកល្បង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ មានការ​គាំទ្រ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។

លោក​បាន​បន្ថែម​ថា មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​នេះ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​បង្កើត​ឡើង​ ដើម្បី​សម្របសម្រួល​ និង​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទុន​។ ​វា​ជា​វេទិកា​មួយ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​វិនិយោគិន​ និង​ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ។

លោកស្រី ​Lang Xiaonan ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ថា ​តាមរយៈ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​នេះ អ្នក​វិនិយោគិន​ចិន និង​កម្ពុជា អាច​ស្វែងយល់​ពី​គ្នា និង​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ​ជួយ​សម្របសម្រួល​អ្នក​វិនិយោគិន​ចិន​ដែល​ចង់​មក​រក​ស៊ី​នៅ​កម្ពុជា​និង​អាច​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​មាន​បញ្ហា​កង្វះ​ធនធាន​ហិរញ្ញវត្ថុ​។

លោកស្រី​បាន​បញ្ជាក់​ផង​ដែរ​ថា ​នា​ពេល​ខាងមុខ​នេះ​ មជ្ឈមណ្ឌល​នឹង​បង្កើត App មួយ​ដែល​មាន​ផ្ទុក​ព័ត៌មាន​អំពី​គម្រោង​វិនិយោគទុន ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និង​ព័ត៌មាន​ជាច្រើន​ទៀត​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ចិន និង​កម្ពុជា​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;