ព្រះតេជគុណ ហោ សុខុន ព្រះ​ចៅអធិការ​វត្ត​ច្បារអំពៅ មិនត្រូវ​បាន​ចាប់​ផ្សឹក​ឡើយ

  • 2019-02-12 01:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​ចុះទៅ​វត្ត​ច្បារអំពៅ បាន​បញ្ជាក់​ប្រាប់ [ខ្លីៗ] នៅ​ព្រលប់​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា មិនមាន​ការ​ផ្សឹក​ព្រះ​តេជគុណ ហោ សុខុន ព្រះចៅ​អធិការវត្ត​ច្បារអំពៅ​នោះទេ។ ការ​ថ្លែង​បញ្ជាក់​នេះ បន្ទាប់ពី​សារព័ត៌មាន​មួយ​ចំនួន និង​បណ្តាញ​សង្គម​បាន​ផ្សព្វផ្សាយ​ថា មាន​ការ​ផ្សឹក​ព្រះ​តេជគុណ ហោ សុខុន។

លោក​អភិបាល​រាជធានី បាន​លើកឡើង​ថា អ្វីដែល​ព្រះ​តេជគុណ ហោ សុខុន មាន​សង្ឃដីកា​តាម​បណ្តាញ​សង្គម គឺ​ចូលក្នុង​បទ​ញុះញង់ និង​ចូលក្នុង​គន្លង​របស់​គណបក្ស​ប្រឆាំង ហេតុនេះ លោក​ស្នើ​ឲ្យ​ព្រះអង្គ​កែ​តម្រូវ​ឡើងវិញ​តែ​ប៉ុណ្ណោះ។

ព្រះ​តេជគុណ ហោ សុខុន (រូបថត៖ ហ្វេសប៊ុក)
សូម​ជម្រាប​ថា សម្តេច​ ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឆ្លើយតប​ទៅនឹង​សារព្រះតេជគុណ ហោ សុខុន (Facebook Page: Hor Sokhon) ដែលបាន​សរសេរ​បន្តុះ​បង្អាប់ លើក​តម្កើង ហួស​និស្ស័យ​មកលើ​សម្តេច។ សម្តេច​យល់ថា​សារ​នេះ ដូចជា​បាន​ធ្លាក់ចូល​ទៅក្នុង​ឧបាយកល​របស់​អ្នក​នយោបាយ​ទុច្ចរិត ដែល​តែងតែ​មាន​បំណង​ចង់​បំបែក​បំបាក់​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើយោង​តាម​ទំព័រហ្វេសប៊ុក​របស់​សម្តេច ស ខេង ដែលបាន​ផ្សព្វផ្សាយ​កាលពី​ព្រឹកថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ចំណែក​ព្រះតេជ​គុណ ហោ សុខុន បាន​មានបន្ទូល​បក​ស្រាយ​ទៅសម្តេច​ ស ខេង វិញ​ថា អត្ថបទ​កោត​សរសើរ​គោរព​របស់​ព្រះអង្គ​ចំពោះ​សម្តេច ស ខេង គឺជា​ទស្សនៈ និងជា​ទឹកចិត្ត​ផ្ទាល់​ខ្លួន ពោលគឺ​មិនឃើញ​ត្រង់ណា​ដែលថា ជាការ​ញុះញង់ ល្មើស​ច្បាប់ និង​មិនមែន​ជាការ​ធ្វើ​ដើម្បី​បម្រើ​នយោបាយ​ឲ្យក្រុម​ណា ឬ​បក្ស​ណាមួយ​នោះឡើយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;