ឡៅ ចិត្រា បង្ហើប​យុទ្ធសាស្រ្ដ​ប្រកួត​ទល់នឹងស៊ូភើលែក នៅសង្វៀន ONE

  • 2019-02-12 02:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡៅ ចិត្រា នឹង​ត្រូវ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​សង្វៀន ONE Championship នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ​ ដោយ​ត្រូវ​ប៉ះ​កីឡាករ​លំដាប់ A របស់​ម្ចាស់ផ្ទះថៃ ស៊ូភើលែក ខេតមូកៅ (Superlek Kiatmoo9)។

តើ​ចិត្រា មាន​យុទ្ធសាស្រ្ដអ្វី ដើម្បីទប់ទល់​កីឡាករ​សម្បូរ​បទ​ពិសោធន៍​របស់​ថៃរូបនេះបាន?

ឡៅ ចិត្រា កំពុង​ហ្វឹកហាត់​នៅ​ក្លឹប Cambodian Top Team
ថ្លែងប្រាប់​ [ខ្លីៗ] កាលពីពេលថ្មីៗ​កន្លងទៅ ប្អូនពៅ​នៃ​គ្រួសារ​គុនខ្មែរ​ត្រកូលឡៅ បាន​ឲ្យដឹងថា ខ្លួន​កំពុង​ហ្វឹកហាត់​ពង្រឹង​កម្លាំង​ស៊ុះ កាយសម្បទាឲ្យរឹងមាំ និង​ជា​ពិសេស​គឺ​ពង្រឹង​ក្បាច់​កែង ដែល​ជា​ក្បាច់​ប្រចាំ​ត្រកូល​របស់ខ្លួន។

ចិត្រា បានបញ្ជាក់ថាខ្លួន​បានដឹង​ពីចំណុច​ខ្លាំង​របស់​គូប្រកួត គឺ​គេពូកែ​ទាត់។ ដើម្បី​ទប់ទល់ចំណុចខ្លាំង​របស់​គេនេះ ចិត្រា នឹង​ព្យាយាម​ចូល​វាយកៀក ព្រោះ​ការ​វាយ​កៀក ធ្វើ​ឲ្យ​ស៊ូភើលែក មិន​សូវ​មាន​ជំហរ យោក​ខ្លួន​ទាត់​បាន​ធ្ងន់នោះទេ។ ទោះយ៉ាងណា ចិត្រា​សង្កត់ធ្ងន់ថា យុទ្ធសាស្រ្ដ​ប្រកួត​អាច​ប្ដូរភ្លាមៗ ទៅតាម​កាលៈទេសៈ​ជាក់ស្ដែងផងដែរ។

ថ្លែងពីក្ដីសង្ឃឹម​វិញ ចិត្រា មិន​បាន​បញ្ជាក់ថា​សង្ឃឹម​ប៉ុន្មាន​ភាគរយនោះទេ ដោយគ្រាន់តែថាខ្លួន​មិន​ខ្លាច​នោះទេ បើទោះបី​ជា​ដឹង​ថា​ស៊ូភើលែក ជា​កីឡាករ​កំពូល​មួយរូប​របស់​ថៃ​ក៏ដោយ។ ចិត្រា សន្យា​ថា​នឹង​ប្រឹង​ប្រកួត​ឲ្យអស់លទ្ធភាព ដើម្បីយកជ័យជម្នះ​ជូនជាតិ​មាតុភូមិ ក៏ដូច​ជា​ធ្វើ​​ឲ្យ​គេ​បានស្គាល់​ប្រដាល់​គុនខ្មែរ។

សូមបញ្ជាក់ថា លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់​ក្លឹប Cambodian Top Team នឹង​ដឹកនាំ ឡៅ ចិត្រា និង​ នៅ​ ស្រីពៅ ចេញ​ទៅ​ប្រកួត​កម្មវិធី ONE: CLASH OF LEGENDS នៅទីក្រុង​បាងកក ប្រទេសថៃ នា​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ ការប្រកួត​នេះ មាន​ផ្សាយ​បន្តផ្ទាល់ តាមរយៈទំព័រ​ហ្វេសប៊ុក និង channel YouTube របស់ ONE Championship ក៏ដូចជា​នៅ​ App "ONE Super App" ផងដែរ (នៅ ស្រីពៅ ប៉ះ កីឡាការិនីថៃ Rika ក្នុងគូទី២ ឯ ចិត្រា ប្រកួត​គូទី៥)៕

គូប្រកួត​ទាំងអស់ រួមមានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;