សម្តេច ហ៊ុន សែន៖ សេដ្ឋកិច្ច​កម្ពុជា​ដែល​ពីមុន​ហ៊ុម​ព័ទ្ធដោយ​ទារុណកម្ម តែ​ពេលនេះ​លូតលាស់​កាន់តែ​រឹងមាំ

  • 2019-02-12 02:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​លើកឡើង​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នាព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា សេដ្ឋកិច្ច​កម្ពុជា​ដែលពីមុន​ហ៊ុមព័ទ្ធ​ដោយ​ទារុណកម្ម និង​ការ​កៀប​សង្កត់ ប៉ុន្តែ​ពេលនេះ​គឺបាន​ងើប​លូតលាស់​និងកាន់តែ​រឹងមាំ។

សម្តេច​បាន​ឱ្យដឹង​ថា ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​ជាតិ​សព្វថ្ងៃ គឺ​កំពុង​ឆ្ពោះទៅ​រក​ភាព​កាន់តែ​ល្អប្រសើរ។ ចំពោះ​ចំណូល​ពន្ធ​គយ គឺបាន​កើនឡើង​ជា​បន្ត​បន្ទាប់។ «ប្រទេសយើង​ពីមុន​ដែលធ្លាប់​ជា​ប្រទេស​ក្រីក្រ​ធ្លាក់ដល់​បាត​ប៉ុន្តែ​ឥឡូវ​គឺបាន​ងើប​លេចធ្លោ​រួចផុត​ពីភាព​ក្រីក្រ​ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧%។ ដោយសារ​ចំណូល​ពន្ធ​កាន់តែ​ខ្ពស់ ការ​ព្យាករ​របស់​យើង​ទៅថ្ងៃ​អនាគត គឺ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មានប្រាក់​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ​២០៣០ និង​ប្រាក់​ចំណូល​ខ្ពស់​នៅឆ្នាំ​២០៥០»។

សម្តេច ហ៊ុន សែន ក្នុងអំឡុងចូលរួមពិធីសម្ពោធមួយ​នៅរាជធានីភ្នំពេញ
ទន្ទឹម​នឹង​នេះ សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​មិនអាច​រំពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខទេ ហើយ​កម្ពុជា​ក៏​មិនត្រូវ​យក​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​របស់ខ្លួន​ទៅ​ដោះដូរ​ជាថ្នូរនឹង​អ្វីមួយ​នោះ​ដែរ។

ប្រមុខ​រាជរដ្ឋាភិបាល​ បាន​សម្តែង​ការ​អរគុនដល់​អាជីវករ ពាណិជ្ជករ និង​វិនិយោគគិន ដែលបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ និងបាន​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ឱ្យ​កាន់តែ​ធំឡើង​នៅក្នុង​ប្រទេស​ជាតិ៕

រូបដែលសម្តេច ហ៊ុន សែន បង្ហោះនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

អត្ថបទ៖ សំភី

អត្ថបទថ្មី
;