ប្រធានាធិបតីហ្វីលីពីន ចង់ផ្លាស់ប្តូរឈ្មោះប្រទេស
- 2019-02-12 07:00:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 33
ប្រធានាធិបតីហ្វីលីពីន ចង់ផ្លាស់ប្តូរឈ្មោះប្រទេស
ចន្លោះមិនឃើញ
លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន ចង់ផ្លាស់ប្តូរឈ្មោះប្រទេសនេះ «Philippines» នៅថ្ងៃណាមួយ ដើម្បីកុំឱ្យមានជាប់ពាក់ព័ន្ធនឹងឈ្មោះដែលស្ថិតក្រោមអាណានិគមបរទេស។ នេះបើតាមការចុះផ្សាយរបស់ Bloomberg នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
បំណងរបស់លោក Duterte ធ្វើឡើងដោយយល់ស្របតាមអតីតមេដឹកនាំផ្តាច់ការហ្វីលីពីន លោក Ferdinand Marcos ដែលហៅប្រទេសខ្លួនថាជា «Maharlika» មានន័យជាភាសាក្នុងស្រុកថា «អភិជន»។
ថ្លែងក្រោយពេលបញ្ចប់ការបែងចែកក្បាលដីដល់ប្រជាជននៅក្នុងខេត្ត Maguindanao កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក Duterte បាននិយាយយ៉ាងដូច្នេះថា៖ «តោះ! នាំគ្នាផ្លាស់ប្តូរឈ្មោះ នៅថ្ងៃណាមួយ។ Marcos គឺត្រូវ។ គាត់ចង់ផ្លាស់ប្តូរឈ្មោះទៅជា «Maharlika» ពីព្រោះនេះជាពាក្យ Malay (ភាសាប្រពៃណីមួយនៅភាគខាងត្បូងហ្វីលីពីន)»។
សូមជម្រាបថា ប្រទេសហ្វីលីពីន បានស្ថិតក្រោមអាណានិគមរបស់អេស្ប៉ាញប្រមាណ ៣៧៧ឆ្នាំ ពីឆ្នាំ១៥២១ ដល់ឆ្នាំ១៨៩៨។ ហើយឈ្មោះប្រទេសនេះ គឺមានប្រភពមកពីឈ្មោះស្តេចអេស្ប៉ាញគឺ ស្តេច Philip II។
យ៉ាងណាមិញ ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Tito Sotto បាននិយាយថា គំនិតរបស់លោក Duterte ខាងលើនេះ គឺតម្រូវឱ្យមានការកែរដ្ឋធម្មនុញ្ញឡើងវិញ ពោលគឺតម្រូវឱ្យមានការផ្លាស់ប្តូរយ៉ាងច្រើន៕
ប្រភព៖ Bloomberg ប្រែសម្រួល៖ សំភី