ក្រសួង​គាំទ្រគម្រោង​​​រោងចក្រ​​សូឡា​នៅ​ជិត​ផ្សារ​បាត់ដឹង ដោយ​តម្លៃ​លក់​ជូន EDC តែ​ជាង ៣០០​រៀល

  • 2019-02-13 02:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំ​អន្តរក្រសួង​ដែលដឹកនាំ​ដោយ​ក្រសួងបរិស្ថាន បាន​ពិនិត្យ​ឃើញ​ថា គម្រោង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ (សូឡា) នៅខេត្ត​កំពង់ស្ពឺ ពិតជាមាន​សារៈ​ប្រយោជន៍​សម្រាប់​កម្ពុជា ដោយ​ថ្លៃ​អគ្គិសនី​លក់ជូន​អគ្គិសនីកម្ពុជា EDC ​ក្នុងតម្លៃ ៧,៦សេនដុល្លារ (៣០៣រៀល) ​ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយថែមទាំង​ជួយ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ច្រើន​ទៀតផង។

​កិច្ច​ប្រជុំ​ខាងលើ​នេះ ធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដឹកនាំ​លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ដើម្បី​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃហេតុ​ប៉ះពាល់​បរិស្ថាន និងស​ង្គម​ពេញលេញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ និង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង​៦០​មេហ្គាវ៉ាត់​នៅខេត្ត​កំពង់ស្ពឺ​របស់​ក្រុមហ៊ុន SCHNEITEC RENEWABLE ដែលត្រូវបាន​សិក្សា​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា E & A Consultant។

​របាយការណ៍​ EIA គ្រប​ដណ្តប់​លើ​ចំណុច​សំខាន់ៗ​ ដូច​ខាងក្រោម៖

១-ធ្វើការ​ពិនិត្យ វិភាគ និង​បង្ហាញ​ពី​លក្ខណៈ និង​ព័ត៌មាន​របស់​គម្រោង​អភិវឌ្ឍន៍ និង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរដោយ​ពន្លឺ​ព្រះអាទិត្យ​កម្លាំង​៦០មេហ្គាវ៉ាត់​លើផ្ទៃដី​ទំហំ១១៥​ហិកតា។

២-សិក្សា​អំពី​ធនធាន​រូបសាស្រ្ត ធនធាន​ជីវសាស្រ្ត និង​ធនធាន​សេដ្ឋកិច្ច​សង្គម​នៅក្នុង និង​ជុំវិញ​តំបន់​គម្រោង​ដើម្បី​ជា​ទិន្ន័យ​គោល​មួយ​ ក្នុងការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម

៣-រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​សម្រាប់​ផ្តល់​យោបល់​លើ​គម្រោង

៤-កំណត់​ទំហំ​នៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ទៅលើ​ធនធាន​បរិស្ថាន​ធម្មជាតិ និង​បរិស្ថាន​សង្គម​ដែលមាន​ស្រាប់ នៅក្នុង​តំបន់​សិក្សា​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ ដោយសារ​សកម្មភាព​ដំណើការ​របស់​គម្រោង

៥-កំណត់​នូវ​វិធានការ​កាត់​បន្ថយ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម (អវិជ្ជមាន) ដែលអាច​កើតមាន​ឡើងពី​សកម្មភាព​គម្រោង​ឱ្យ​ដល់​កម្រិត​អប្បបរមា

៦-វិភាគ​តម្លៃ​សេដ្ឋកិច្ច និង​តម្លៃ​បរិស្ថាន ទាំងផ្នែក​វិជ្ជមាន និង​អវិជ្ជមាន

៧-រៀបចំ​មូលនិធិ​បរិស្ថាន និង​សង្គម​ដើម្បី​ស្តារ​បរិស្ថាន​ឡើងវិញ និង​ចូលរួម​អភិវឌ្ឍន៍​ភូមិ ឃុំ​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​វិនិយោគ។

ក្រសួងបរិស្ថាន​ បាន​ឱ្យដឹង​ថា របាយការណ៍​នេះ​ត្រូវបាន​រៀបចំ​ឡើង​បាន​ត្រឹមត្រូវ​ ហើយ​អង្គប្រជុំ​បានផ្តល់​មតិ​យោបល់​មួយចំនួន​ទៀត​បន្ថែម​ទៅលើ​មតិ​យោបល់​ ដែលបាន​ផ្តល់ជូន​កន្លងមក​ដោយ​នាយកដ្ឋាន​ EIA ដើម្បីឱ្យ​ក្រុមហ៊ុន​ទីប្រឹក្សា​យកទៅ​ពិនិត្យ​កែសម្រួល​របាយការណ៍​នេះឡើងវិញ។

សូម​រំលឹក​ថា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​យល់ព្រម​លើ​គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល ដើរដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​របស់​ក្រុមហ៊ុន SCHNEITEC RENEWABLE កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ គម្រោង​វិនិយោគ​នេះ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១ ក្បែរ​សាលា​នាយទាហាន​សកម្ម​ត្មាតពង ក្នុង​ឃុំ​ដំណាក់រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ដែលនៅ​មិនឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​ផ្សារ​បាត់ដឹង។ ការ​សាងសង់​នេះ គ្រោង​នឹង​ចំណាយ​ទុនប្រមាណ ៥៨,២៣​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ៣៥​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;