ជប៉ុន ផ្ដល់​ជំនួយ​ជាង​៥០ម៉ឺនដុល្លារ​ សម្រាប់​គម្រោង​មួយ នៅ​ខេត្ត​បាត់​ដំបង

  • 2019-02-13 02:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ជប៉ុន​ បាន​ឯកភាព​ផ្តល់​ថវិកា​ជាង ៥២ម៉ឺន​​ដុល្លារ​អាមេរិក​ដល់​អង្គការ​សន្តិ​ស្ម័គ្រចិត្ត ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​អភិវឌ្ឍន៍​សាលា​មត្តេយ្យ​សិក្សា​ធនធាន​ខេត្ត​បាត់ដំបង របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជប៉ុន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន ​កាលពី​ថ្ងៃទី​១២ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩។

កិច្ច​សន្យា​ផ្តល់​ជំនួយ​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ស្ថានទូត​ជប៉ុន រវាង​លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ និង​លោក Kase Takashi នាយក​អង្គការ​សន្តិ​ស្ម័គ្រចិត្ត សម្រាប់ គម្រោង​សាលា​រៀន​មត្តេយ្យ​សិក្សា​ធនធាន​គំរូ​ ផ្តោត​លើ​បណ្ណាល័យ ក្នុង​ខេត្ត​បាត់ដំបង។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ថ្លែងថា ថវិកា​ជំនួយ​ប្រមាណ​ជាង ៥២​ម៉ឺន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ដល់​អង្គការ​សន្តិ​ស្ម័គ្រចិត្ត​នេះ នឹង​បង្កើត​សាលារៀន​មត្តេយ្យ គំរូ​បំពាក់​ដោយ​បណ្ណាល័យ លើក​កម្ពស់​ការ​អាន​សៀវភៅ​ក្នុង​ការ​អប់រំ​កុមារ​តូច និង​បង្កើន សមត្ថភាព​គ្រូ​បង្រៀន​សាលា​មត្តេយ្យ​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​កែ​លម្អ​គុណភាព នៃ​ការ​អប់រំ​កុមារ​តូច និង​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​កុមារ​តូច។

តាម​រយៈ​គម្រោង​នេះ​ លោក​ទូត​សង្ឃឹម​ថា សកម្មភាព​របស់​បណ្ណាល័យ​ នឹង​រីកចម្រើន​នៅ​ទូទាំង​ខេត្ត ហើយ​ការ​អប់រំ​កុមារ​តូច​ក្នុង​ខេត្ត​បាត់ដំបង​ នឹង​អភិវឌ្ឍ​កាន់តែ​ខ្លាំង​។

លោក Kase  Takashi បាន​សន្យា​ថា ក្នុង​ដំណាក់កាល​នៃ​ការ​រៀបចំ​គម្រោង​នេះ អង្គការ​របស់​លោក​បាន​ពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ និង​សហការ​ជាមួយ​មន្ទីរ ការិយាល័យ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង និង​សាលា​មត្តេយ្យ​សិក្សា​ធនធាន​បាត់ដំបង ហើយ​នឹង​ប្រឹង ប្រែង​អស់​ពី​សមត្ថភាព​ ដើម្បី​រក្សា​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ល្អ នៅ​ដំណាក់កាល​នៃ​ការ​អនុវត្ត​គម្រោង​នេះ។ ជាពិសេស​គម្រោង​នេះ អាច​រួមចំណែក​ដល់​ការ​បង្កើត​ទំនាក់ទំនង មិត្តភាព រវាង​ជប៉ុន និង​កម្ពុជា​៕

រូបថត៖ ក្រសួងព័ត៌មាន​

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;