សម្ដេច ស ខេង រិះគន់​គណៈ​បញ្ជាការ​ឯកភាព​ខេត្តព្រះសីហនុ ដែល​ប្រើ​កម្លាំង​លើប្រជាពលរដ្ឋ

  • 2019-02-13 02:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងរិះគន់ទៅលើគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដែលបានយកកម្លាំងយោធា​ទៅអនុវត្តសាលដីកា និងមានការ​ប្រើ​ហិង្សាលើប្រជាពលរដ្ឋ នៅក្នុងជម្លោះដីធ្លីមួយ នៅនៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩។ សម្តេចក្រឡាហោម បាន​ថ្លែង​រិះគន់​យ៉ាង​ដូច្នេះ នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ថ្លែង​ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់​ក្រសួង​មហាផ្ទៃ
សម្តេចក្រឡាហោម បានថ្លែង​ថា៖ «នៅខេត្ត​ព្រះសីហនុ ថ្ងៃមុន​ទៅដោះ​ស្រាយរឿងដី ចង់​និយាយថា យើងអ្នកច្បាប់ អ្នករដ្ឋបាលផង អ្នកច្បាប់ផង យើងត្រូវដឹង គាត់ទៅ​យកកម្លាំង​អនុវត្តច្បាប់ នគរបាល និងប៉េអឹម គឺត្រូវហើយ ប៉ុន្តែ​គាត់ទៅ​យកកម្លាំង​យោធា​ខុសហើយ គេ​មិនយក​កម្លាំងយោធា​ទៅ​អនុវត្តដីកាទេ។ រឿងកើត​នៅខេត្ត​ក្រចេះ និង​នៅខេត្ត​ព្រះសីហនុ មានន័យ​ថា យើង​រដ្ឋបាល​ខេត្ត​ប៉ុនណាណី អត់ដឹង​ច្បាប់ ប្រយ័ត្ន​ដល់​ខេត្ត​ផ្សេងទៀត។ ខ្ញុំ​និយាយ​ច្រើនដង​ហើយ គ្រាន់​តែខ្ញុំលើកមក​និយាយទៀត ថាបើ​ធ្វើទៅយើង​មិនធ្វើខុស ប៉ុន្តែ​ដល់យើង​ទៅធ្វើ ធ្វើ​ខុសច្បាប់ អាហ្នឹង​ក៏បាន​តែខុសទៀត»។

គួររំលឹកផងដែរថា ទាក់ទងករណី​ផ្ទុះ​អាវុធ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រង​របួស នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ អភិបាល​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​របាយការណ៍​ជូន​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រួច​ហើយ​។

លោក​ យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់នៅ​ក្នុង​របាយការណ៍​នោះ​ថា មាន​កម្លាំង​សមត្ថកិច្ច​ខ្លះ​ បាន​បាញ់​ឡើង​លើ​ជា​ការ​គំរាម តែ​មិន​មែន​ជា​ការ​បាញ់​ដោយ​ចេតនា ឬ​មាន​ការ​បញ្ជា​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ​។ ចំពោះ​ជនរងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវរក​ជន​បង្ក ព្រោះ​សង្ស័យ​ថា មាន​ជន​ទី​៣ បង្កប់​ជាមួយ​ក្រុម​ប្រជា​ពលរដ្ឋ​។

លោក​ យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​នាពេល​កន្លងមក

យោង​តាម​របាយការណ៍​ដដែល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ លោក​ ផៃ ប៊ុនវណ្ណៈ អភិបាល​រង​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុម​ការងារ​តាម​លិខិត​បង្គាប់​ការ​លេខ ០០៦/១៩ លបក ចុះ​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​មាន៖ កម្លាំង​អាវុធ​ហត្ថ​ចំនួន​ ១០០នាក់ កម្លាំង​យោធា​ចំនួន ១០០នាក់ កម្លាំង​នគរបាល​ចំនួន​ ១០០នាក់ និង​មន្ត្រី​រដ្ឋបាល​ខេត្ត​ស្រុក និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចំនួន​ ២០នាក់ តាម​សំណើ​សុំ​លេខ ១៣៩ អ.យ.ក/១០ ចុះ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៩ របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​សហការ​អនុវត្ត​សាលដីកា​លេខ ៣៤៨ “ឈ” ចុះ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ២០១៧ របស់​តុលាការ​កំពូល ក្រោម​ការ​ដឹកនាំ​បញ្ជា​របស់​លោក​ព្រះ​រាជអាជ្ញា សៀង សុខ ព្រះរាជអាជ្ញា​រង ហួត វិចិត្រ និង​ព្រះរាជអាជ្ញា កៀង សុន្ធរោ។

លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា មុន​ពេល​ចុះ​ដល់​ទីតាំង​ដី​ដែល​ត្រូវ​អនុវត្ត ប្រជាពលរដ្ឋ​ប្រមាណ​ជា ២០០​នាក់ បាន​ធ្វើការ​រារាំង​ដូចជា ដុត​កង់​ឡាន​ជា​ច្រើន​កន្លែង ប្រើប្រាស់​ដប​សាំង ចម្ពាម​កៅស៊ូ​ប្រើ​គ្រាប់​សំណ គ្រាប់​ដែក​ថ្នាំង​អំពៅ និង​ដុំ​ថ្ម ប្រឆាំង​តប​ត​នឹង​កម្លាំង​របស់​សមត្ថកិច្ច ក្នុងពេល​នោះ​បណ្តាល​ឲ្យ​គ្រឿង​ចក្រ​មួយ​គ្រឿង​ឆាប​ឆេះ តែ​ត្រូវ​បាន​ពន្លត់​ដោយ​បំពង់​ពន្លត់អគ្គិភ័យ បាន​ទាន់​ពេល ពេលនោះ​កម្លាំង​ទាំងអស់​ត្រូវ​បាន​ដកថយ​មួយ​ជំហាន​សិន​។

លោក​អភិបាល​បន្ថែម​ថា ក្រោយពី​ការ​ដកថយ​បាន​បន្តិច​មក លោក​ព្រះរាជអាជ្ញា​ ក៏​បាន​ដាក់​បញ្ជា​ដឹកនាំ​ជា​ថ្មី​ ឲ្យ​កម្លាំង​បំបែក​ជា​ពីរ​មុខ​សញ្ញា ដោយ​កម្លាំង​ក្រុម​ទី១ ចូល​ចំ​ពី​មុខ និង​កម្លាំង​ក្រុម​ទី​២ ចូល​ច្រក​ចំ​ហៀង។ នៅ​ពេល​ចូល​អនុវត្ត​ជា​លើក​ទី​ពីរ ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ដប​សាំង​កាន់តែ​ខ្លាំង​ សម្រុក​មក​លើ​សមត្ថកិច្ច មាន​ការ​ប្រតាយ​គ្នា បណ្តាល​ឲ្យ​សមត្ថកិច្ច​រង​របួស​ចំនួន ៧នាក់ ជា​ហេតុ​ធ្វើឲ្យ​សមត្ថកិច្ច​ផ្ទុះ​អាវុធ​បាញ់​ឡើង​លើ​ ប្រមាណ​​ជា ២០​គ្រាប់ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​របួស (រត់​បុក​គ្នា) និង​របួស​ធ្ងន់​ម្នាក់ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង។ ហើយ​ប្រជាពលរដ្ឋ​ចំនួន​ ៦នាក់ (របួស ២នាក់) ត្រូវ​បាន​ចាប់​ខ្លួន​។

ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​

លោក យន្ត មីន បាន​បញ្ជាក់​ថា ចំពោះ​ការ​ផ្ទុះ​អាវុធ គឺ​ការ​អនុវត្ត​ខុសពី​បទ​បញ្ជា​របស់​គណៈបញ្ជាការ​ឯកភាព​ដែល​បាន​ណែនាំ​ក្នុង​ពេល​ប្រជុំ និង​មុន​ចុះ​អនុវត្ត តែ​ដោយ​សារ​សភាពការ​ណ៍ពិបាក​ទប់ទល់ មាន​ភាព​តានតឹង​ខ្លាំង និង​ដោយ​មាន​ការ​ប្តេជ្ញាចិត្ត​របស់​ព្រះរាជអាជ្ញា ក៏​ដូចជា​ក្រុម​ការងារ និង​កង​កម្លាំង​ទាំងអស់​ថា ត្រូវ​តែ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ឲ្យ​បាន ទើប​មាន​កម្លាំង​ខ្លះ​ បាន​បាញ់​ឡើង​លើ​ជា​ការ​គំរាម តែ​មិនមែន​ជា​ការ​បាញ់​ដោយ​ចេតនា ឬ​មាន​ការ​បញ្ជា​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ​។

លោកបន្តទៀតថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ជនបង្ក​ចំនួន ៤នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ ណែនាំ និង​បាន​ដោះលែង​ឲ្យ​ទៅ​លំនៅឋាន​វិញ ហើយ​អ្នក​របួស​ស្រាល​បាន​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត។ រីឯ​អ្នក​រង​របួស​ធ្ងន់​ឈ្មោះ ពៅ សារ័ត្ន ភេទ​ប្រុស អាយុ​ ២៨ឆ្នាំ កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​លោក​សង្ឃ​៕

ចុចអាន៖ អភិបាល​ខេត្ត​ព្រះសីហនុ​ រាយការណ៍​ជូន​រដ្ឋមន្ត្រី​មហាផ្ទៃ​ រឿង​ផ្ទុះ​អាវុធ​បណ្តាល​ឲ្យ​ពលរដ្ឋ​របួស

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;