កម្ពុជា កំពុងរៀបចំ​ទីតាំង​ត្រៀម​ធ្វើ​សមយុទ្ធ​នាគមាស​ជាមួយ​ចិន នាខែក្រោយ

  • 2019-02-13 03:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​កម្ពុជា​កំពុង​រៀប​ចំ​ទីលាន អាគារ​ស្នាក់​នៅ ប្រព័ន្ធ​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត ដើម្បី​បម្រើ​ឱ្យ​សម​យុទ្ធ​យោធា​នាគ​មាស​ឆ្នាំ ២០១៩ ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​គ្រោង​ធ្វើ​នៅ​ខែមីនា ឆ្នាំ​២០១៩។

សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន កាលពីខែមីនា ឆ្នាំ​២០១៨ នៅខេត្តកំពង់ស្ពឺ
អគ្គ​មេបញ្ជាការ​រង​ និង​ជា​នាយក​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ លោក​នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ ថ្លែង​នៅ​ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​សាងសង់​ទីតាំង​ធ្វើ​សម​យុទ្ធ កាលពី​ថ្ងៃ​ទី១១ កុម្ភៈ​ថា សម​យុទ្ធ​នាគ​មាស​លើក​នេះ នឹង​មាន​ទ្រង់​ទ្រាយ​ធំជាង​មុន ដូច្នេះ​លោក​បញ្ជា​ឱ្យ​អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ប្រឹង​ប្រែង​តាម​ជំនាញ​ និង​កែ​សម្រួល​ចំណុច​ខ្វះខាត​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​លំហាត់​នាគ​មាស​នេះ ទទួល​បាន​ជោគជ័យ។
លោក​នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ ថ្លែងនាពេលកន្លងមក

សម​យុទ្ធ​យោធា​នាគ​មាស​នៅ​ឆ្នាំនេះ នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នៃ​កង​ពល​តូច​លេខ ៧០ ស្ថិត​ក្នុង​ស្រុក​ជុំ​គិរី ខេត្ត​កំពត។ សម​យុទ្ធ​យោធា​​ជាមួយ​កង​ទ័ព​ចិន​នៅ​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​របៀបវារៈ ប្រឆាំង​ភេរវកម្ម និង​ផ្នែក​មនុស្សធម៌។ សម​យុទ្ធ​​​នេះ នឹង​ធ្វើ​ឱ្យ​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​កាន់​តែ​ជិត​ស្និទ្ធ​ក្នុង​បេសកកម្ម​ការងារ​រួម​គ្នា។

សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន កាលពីខែមីនា ឆ្នាំ​២០១៨ នៅខេត្តកំពង់ស្ពឺ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​កម្ពុជា បាន​ធ្វើ​​សម​យុទ្ធ​យោធា​ជាមួយ​ប្រទេស​ចិន​​ជា​បន្ត​បន្ទាប់ ហើយ​ក្រុង​ប៉េកាំង​ក៏​បាន​ផ្ដល់​ជំនួយ​ច្រើន​សន្ធឹក​សន្ធាប់​ដល់​កម្ពុជា​ផង​ដែរ។ ជាក់​ស្ដែង​កាល​ពី​ពាក់​កណ្ដាល​​​ឆ្នាំ ២០១៨ កន្លងទៅ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹកប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក​ ដល់​វិស័យ​យោធា​កម្ពុជា។

សូម​រំលឹក​ថា កាលពីខែ​មីនា ឆ្នាំ​២០១៨ ​កងទ័ព​កម្ពុជា-ចិន បាន​ធ្វើសម​យុទ្ធ​នាគមាស នៅ​ភូមិសាស្រ្ត​តំបន់​ភ្នំ​ធំម្រះព្រៅ ភូមិ​ថ្លុក​ដូនស ឃុំ​ក្រាំង​អំពិល ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។ សមយុទ្ធ​នេះ ផ្តោត​ទៅលើ​ការ​ប្រឆាំង​ភេរវកម្ម ​សង្គ្រោះ​បន្ទាន់ ​លំហាត់​បាញ់​គ្រាប់​ពិត​ និង​ប្រើប្រាស់​សព្វាវុធ​ទំនើប​ៗ​ដូចជា ឧទ្ធម្ភាគចក្រ Z10 បំពាក់​កាំជ្រួច​បាញ់​ចំ​គោលដៅ កាំភ្លើងត្បាល់​ចូល​គោលដៅ​ដែល​បាន​កំណត់ ​និង​រថ​ពាស​ដែក​​ផង​ដែរ៕

សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន កាលពីខែមីនា ឆ្នាំ​២០១៨ នៅខេត្តកំពង់ស្ពឺ

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;