អាកាសយានដ្ឋាន​កម្ពុជា កំពុង​ត្រូវ​បាន​រៀបចំ ​ចំណត​​ និង​ពង្រីក​ផ្លូវរត់​យន្តហោះ

  • 2019-02-13 06:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​បារាំង SCA បាន​នឹង​កំពុង​រៀបចំ​ចំណត​យន្តហោះ និង​ពង្រីក​បន្ថែម​ផ្លូវរត់​យន្តហោះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា ដើម្បី​ត្រៀម​ទទួល​យន្តហោះ​របស់​គណៈប្រតិភូ​ដែលនឹង​អញ្ជើញ​មកចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប និង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេល​បន្តបន្ទាប់ និង​ដើម្បី​បង្កើន​ភ្ញៀវទេសចរ​ផងដែរ។ នេះ​បើតាម​ខ្លឹមសារ​នៃកិច្ចប្រជុំ​គណៈ​កម្មការ​តាមដាន​ និង​ត្រួតពិនិត្យ​ការ​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ទាំងអស់​នៅ​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន​សម្បទាន​បារាំង SCA កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក តឹករ៉េត សំរេច រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និងជា​ប្រធាន​គណៈកម្មការ ដោយមាន​វត្តមានចូលរួមពី​ភាគី​ពាក់ព័ន្ធ​ផងដែរ។

កិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ (រូបថត៖ ទំព័រ​ហ្វេសប៊ុក​អង្គភាព​ព័ត៌មាន​រហ័ស និង​ប្រតិកម្មរហ័ស)
យោងតាម​ទំព័រ​ហ្វេសប៊ុក​អង្គភាព​ព័ត៌មាន​រហ័ស និង​ប្រតិកម្មរហ័ស នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ដែល​បាន​ដកស្រង់​ខ្លឹមសារ​នៃកិច្ចប្រជុំ​ខាងលើ​នេះ ឱ្យដឹង​ថា ក្រុមហ៊ុន​ SCA បាននឹង​កំពុង​រៀបចំ​ចំណត​យន្តហោះ​ថ្មី​មួយ​កន្លែង នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឱ្យ​រួចរាល់​ក្នុងខែ​មិថុនា​ ឆ្នាំ​២០១៩​ ដែលនឹង​អាច​ទទួល​យន្តហោះ​ប្រភេទ Code C (​Airbus 320, Airbus 321) ចំនួន​១២គ្រឿង​ចតបាន​ ដើម្បី​ត្រៀម​លក្ខណ:​សម្រាប់​ទទួល​យន្តហោះ​ថ្នាក់ដឹកនាំ​នានា​ដែល​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​ នៅឆ្នាំ​២០២០​​ខាងមុខ​នេះ។

ទន្ទឹមនឹង​នេះដែរ​ ក្រុមហ៊ុន​ SCA បាន​នឹង​កំពុង​ពង្រីក​បន្ថែមផ្លូវ​រត់​យន្តហោះ​ ពី២៥០០ម​ ទៅ​៣៣០០ម​ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ឱ្យ​បាន​រួចរាល់​ទាន់ពេល​សម្រាប់​ទទួល​យន្តហោះ​ថ្នាក់ដឹកនាំ​នានា​ដែល​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ នៅចុងឆ្នាំ​២០២២​ ខាងមុខនេះ​ និង​ដើម្បី​ឱ្យ​យន្តហោះ​ខ្នាតធំ​ប្រភេទ​ Code E ដូចជា​ Boeing 777 អាច​ចុះចត​បាន​ផងដែរ​ ក្នុង​គោលដៅ​បង្កើន​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា។

សូម​បញ្ជាក់ថា​ គម្រោងទាំងពីរ​នេះ​ ត្រូវបាន​យក​មក​ជជែក​ពិភាក្សា​អំពី​ផែនការ​ថវិកា​របស់​ក្រុមហ៊ុន​ SCA ក្នុង​ឆ្នាំ​២០១៩នេះ​ សម្រាប់​ព្រលាន​យន្តហោះ​អន្តរជាតិ​ទាំង៣ នៅ​កម្ពុជា បច្ចុប្បន្ន ភ្នំពេញ​ សៀមរាប​ និង​ព្រះសីហនុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;